កំពត៖ អ្នកជំនាញផលិតអំបិលកំពត-កែប បានបញ្ជាក់ថា ផ្កាអំបិលកំពត មានកម្រិតផ្ទុកសារធាតុចិញ្ចឹមខ្ពស់ រហូតដល់៧០មុខ ដែលវាផ្តល់អត្ថប្រយោជន៍ចាំបាច់ល្អៗជាច្រើន សម្រាប់សព៌ាង្គកាយមនុស្ស។ លោក ប៊ុន ណារិន ប្រធានសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យ ថូង អិនធ័រប្រាយស៍ នៅស្រុកទឹកឈូ ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាថា ផ្កាអំបិលមិនទាន់មានទីផ្សារទូលំទូលាយ នៅក្នុង ស្រុកទេ ដោយសារតែប្រជាពលរដ្ឋខ្មែរភាគច្រើនមិនស្គាល់ និងមិនទាន់ដឹងពីអត្ថប្រយោជន៍នៃផ្កាអំបិល សម្រាប់សុខភាព។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ផលិតផលផ្កាអំបិល គឺបាននាំចេញមួយចំនួន ទៅកាន់ទីផ្សារសហគមន៍អឺរ៉ុបដូចជាប្រទេសអង់គ្លេស និងប្រទេសស្វីសជាដើម។ លោកបានឱ្យដឹងថា ផ្កាអំបិលមានតម្លៃថ្លៃបន្ដិច ព្រោះផ្កាអំបិលពិបាកផលិត ត្រូវការមានខ្យល់ ពន្លឺព្រះ អាទិត្យ បញ្ជូលគ្នា ទើបមានផ្កាអំបិល ហើយមិនសូវមានច្រើននោះទេ ជាពិសេសផ្កាអំបិលមាន អត្ថប្រយោជន៍ច្រើនសម្រាប់ជួយដល់សុខភាពមនុស្ស ដោយនៅក្នុងផ្កាអំបិលកំពត មានកម្រិតផ្ទុក សារធាតុចិញ្ចឹមខ្ពស់ រហូតដល់៧០មុខ ដែលវាផ្តល់អត្ថប្រយោជន៍ចាំបាច់បំផុត សម្រាប់សព៌ាង្គកាយមនុស្ស។ «ការពិតផ្កាអំបិលវាមានគុណភាពល្អជាងអំបិលក្រួសធម្មជាតិយើង ត្រង់ថាគុណសម្បត្តិរបស់វា មានខនិជនិងរ៉ែសំខាន់ៗ ជាពិសេសរ៉ែនៅក្នុងសព៌ាង្គកាយមនុស្សយើងត្រូវការ យើងត្រូវការប៉ុន្មាន គឺអំបិលធម្មជាតិសមុទ្រមានគ្រប់ទាំងអស់។
លក្ខខណ្ឌបីដើម្បីបង្កើតផ្កាអំបិលបាន គឺយើងត្រូវមានកម្តៅ ពន្លឺព្រះអាទិត្យ និងខ្យល់ បើសិនជាអត់មានលក្ខខណ្ឌបីហ្នឹងទេ ផ្កាអំបិលមិនអាចធ្វើបានទេ។ ជាទូទៅ ផ្កាអំបិលដែលចាប់ផ្ដើមកកើតចន្លោះពីម៉ោង១០ ព្រឹករហូតដល់ ៣រសៀល។ ហើយការប្រមូលផលយើងប្រមូលវានៅលើផ្ទៃទឹក គឺយើងប្រមូលវាថ្នមៗបំផុតដោយប្រើស្បៃ ប្រើដៃ កន្ត្រង សម្រាប់ត្រង។ ហើយរយៈពេលនៃការប្រមូលដែលល្អ គឺចន្លោះម៉ោង ២ រហូតដល់ ម៉ោង៣រសៀល បើហួសពីហ្នឹងវានឹងធ្លាក់ចុះក្រោមក្លាយជាអំបិលក្រួស» ។
គួរជម្រាបថា ផ្កាអំបិលក្រៅពីគ្រឿងទេសផ្សំក្នុងម្ហូបអាហារសម្រាប់បរិភោគប្រចាំថ្ងៃហើយ ផ្កាអំបិលក៏ ត្រូវបានគេយក មកផ្សំធ្វើជាគ្រឿងសម្អាង ដូចជាស្ក្រាប់ខាត់ខ្លួនជាដើម។ ផ្កាអំបិលត្រូវបានផលិតលក់នៅទីផ្សារក្នុងស្រុកផង និងនាំទៅទីផ្សារអន្តរជាតិផង ប៉ុន្តែវានៅជាទ្រង់ទ្រាយ តូចនៅឡើយទេ។ បើនៅទីផ្សារក្នុងស្រុក គឺមានតែនៅក្នុងផ្សារទំនើប និងបញ្ជាទិញពីភោជនីយដ្ឋាន លំដាប់តែប៉ុណ្ណោះ ដោយសារតែតម្លៃរបស់វាខ្ពស់ជាងអំបិលក្រួសធម្មតា ។ សូមបញ្ជាក់ថា ផ្កាអំបិលក្នុង១គីឡូក្រាមមានតម្លៃ១៥ដុល្លារ ព្រោះផ្កាអំបិលនេះ មិនមែនកើតមាននៅគ្រប់ រដូវទេ គឺវាមានផ្កានៅអំឡុងខែមេសា ឬឧសភា ដែលគេហៅថា ខែចែត្រក្ដៅខ្លាំង និងមានខ្យល់ បោកបក់ ខ្លាំង៕
ប្រភព៖ ក្រសួងព័ត៌មាន