ភូមិទឹកស្រែ ជាភូមិស្នាក់ដែលបង្ហាញ ពីការរស់នៅបែបសាមញ្ញនិងពោរពេញទៅដោយក្តីសុខ

0

ភូមិទឹកស្រែ ជាភូមិស្នាក់បែបធម្មជាតិដែលបង្ហាញពីការរស់នៅបែបសាមញ្ញ ងាយស្រួល មិនមានការបែងចែកឋានៈ ហើយពោរពេញទៅដោយបរិយាកាសស្រស់ថ្លា ត្រជាក់ និងស្ងប់ស្ងាត់ ។

លោក សៀង មករា ម្ចាស់ភូមិទឹកស្រែ មានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ភូមិទឹកស្រែ គឺជាភូមិស្នាក់មួយកន្លែងដ៏ស្រស់ស្អាតនិងអំណោយផលពីធម្មជាតិ មាន វាលស្រែ ដងព្រែក ព្រៃឈើ បក្សាបក្សីហោះហើរទាំងហ្វូងៗ រួមទាំងសត្វអំពិលអំពែកជាច្រើននាពេលរាត្រី ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញនិងមិនអាចបំភ្លេចបាន ជួយបន្ធូរអារម្មណ៍តានតឹង អារម្មណ៍នឿយហត់ និងបំបាត់រាល់ទុក្ខកង្វល់ទាំងឡាយទាំងពួង សម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្ត  ។

លោកបានបន្តថា អ្នកទេសចរដែលមកស្នាក់នៅនិងកម្សាន្តនៅទីនេះ អាចបង្កើតនូវបរិយាកាសមួយដ៏អស្ចារ្យជាមួយមនុស្សជាទីស្រឡាញ់ ដោយសារទីនេះនៅពេលរាត្រីគឺមានភាពស្ងប់ស្ងាត់ អាចអង្គុយនៅមាត់ព្រែកមើលអំពិលអំពែកនិង និយាយរឿងក្នុងចិត្ត ដើម្បីរំសាយទុក្ខកង្វល់បន្ទាប់ពីបំពេញការងារនឿយហត់ ។ ជាពិសេសភូមិនេះ បានផ្តល់សេចក្តីសុខសម្រាប់ភ្ញៀវទេសចរដែលពេញចិត្តនឹងការរស់នៅជាមួយធម្មជាតិ ឱ្យនៅតែជាប់ចិត្ត ចង់មកកម្សាន្តម្តងហើយម្តងទៀត មិនចេះជិនណាយ ។

 « ភាគច្រើនអ្នកដែលគេមិនធ្លាប់ពេលមកហើយគឺចង់មកទៀត ហើយគាត់ចូលចិត្តទីនេះ គឺដោយសារទីនេះជាកន្លែងថ្មី មានទេសភាពធម្មជាតិ ហើយងាយស្រួលច្រើនសម្រាប់អ្នកដែលធ្លាប់ដើរលក្ខណៈផ្សងព្រេង គឺនៅពេលមកដល់ទីនេះទទួលបានអារម្មណ៍ធម្មជាតិដូចគ្នា ប៉ុន្តែនៅទីនេះមានភាពងាយស្រួលច្រើន អ្នកខ្លះមកញឹកញាប់ណាស់ ហើយសម្រាប់អ្នកដើរលម្ហែកម្សាន្តនាពេលបច្ចុប្បន្ននេះ គឺគេមិនត្រូវការចំណាយពេលធ្វើដំណើរឆ្ងាយស្ទះចរាចរណ៍នោះទេ ព្រោះតំបន់ភូមិនេះ មានខ្សែផ្លូវដែលងាយស្រួលនិងស្រឡះសម្រាប់ការធ្វើដំណើរថែមទៀតផង» ។

សូមបញ្ជាក់ថា ភូមិទឹកស្រែ គឺជាផ្ទះស្នាក់លម្ហដ៏អស្ចារ្យសម្រាប់អ្នកស្រឡាញ់ ការរស់នៅជាមួយធម្មជាតិ ដែលអាចឱ្យភ្ញៀវទេសចរ បោះតង់សម្រាក​ ជិះទូកកម្សាន្ត​ ជិះកង់គយគន់ធម្មជាតិ​ ជិះម៉ូតូឡើងភ្នំ​ ស្ទូចត្រី​ មើលអំពិលអំពែក​នាពេលរាត្រី ជាពិសេសស្រូបយកថាមពលពីខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិស្រស់បំព្រងនៅតំបន់ព្រៃភ្នំថែមទៀតផង ៕

ប្រភព៖ ក្រសួងព័ត៌មាន