ភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ទឹកធ្លាក់ ព្រះនិម្មិត ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាត នៅតំបន់ព្រំដែនខ្មែរ-ឡាវ ខណៈដែលតំបន់នេះជាតំបន់អេកូទេសចរណ៍ធំបំផុត នៃដងទន្លេមេគង្គ ហើយភ្ញៀវទេសចរអាចទៅកម្សាន្ត នៅទីនេះបានគ្រប់រដូវកាល ជាមួយនឹង សម្រស់ទឹកហូរជ្រៀតក្រហែងថ្ម បែកផ្កាត្រែង ឮសូរសំឡេងឈូឆរ មិនចេះជិនណាយ។
លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានឱ្យដឹងថា ទឹកទន្លេមេគង្គដែលហូរកាត់ប្រទេសឡាវ ចាក់មកស្រុកមួយនៃខេត្តព្រះវិហារ ដែលជាប់គ្នានឹងព្រំប្រទល់ខេត្តស្ទឹងត្រែង បានបង្កើតទៅជាល្បាក់ទឹកធ្លាក់ធម្មជាតិដ៏ស្រស់ស្អាតមួយ ដែលអ្នកភូមិនៅទីនោះបានហៅថាទឹកធ្លាក់ព្រះនិម្មិត។ លោកបានបន្តថា តំបន់អេកូទេសចរណ៍ ទឹកធ្លាក់ព្រះនិម្មិត ជាគោលដៅ ទេសចរណ៍ដ៏ស្រស់ស្អាតប្រៀបប្រដូចទៅនឹងទីឋានសួគ៌ នៃតំបន់ភាគឦសានរបស់ប្រទេសកម្ពុជាដែលកំពុងស្វាគមន៍ភ្ញៀវទេសចរគ្រប់ពេលវេលាឥតនឿយណាយ សោះឡើយ។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា បច្ចុប្បន្ន ទឹកធ្លាក់នោះមានធម្មជាតិស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចង់ទៅកម្សាន្តផ្នែកអេកូទេសចរណ៍ ដូចជាគយគន់សម្រស់ព្រៃឈើ ភ្នំ និងងូតទឹកលេងសប្បាយ។ បន្ថែមពីនោះទៀត ថ្វីត្បិតតែតំបន់ទឹកធ្លាក់ព្រះនិម្មិតនៅឆ្ងាយដាច់ស្រយាលពីទីក្រុង ប៉ុន្តែសក្ដានុពលរបស់វានៅតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកពីច្រើនកន្លែង ឱ្យទៅលេងកម្សាន្តនៅទីនោះ មិនចេះដាច់ផងដែរ។ « ទឹកធ្លាក់ព្រះនិម្មិត នៅជាប់ជាមួយព្រំដែនឡាវ ជាប់ជាមួយភូមិសាស្ត្រនៃខេត្តស្ទឹងត្រែង ជាគោលដៅផ្នែកវប្បធម៌ផ្នែកធម្មជាតិ ផ្នែកអេកូទេសចរណ៍ក្នុងតំបន់ដ៏ឆ្ងាយជាប់ជាយដែនមួយនេះរបស់ខេត្តព្រះវិហារ។ សព្វថ្ងៃបងប្អូនភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏តែងតែទៅទស្សនាកម្សាន្តជារៀងរាល់ខែផងដែរ »។
គួរជម្រាបថា ខេត្តព្រះវិហារ គឺជាខេត្តចាត់ក្នុងលំដាប់ ថ្នាក់ទី២ នៃខេត្តសម្បូរទៅដោយប្រាង្គប្រាសាទបុរាណនាសម័យអង្គរ បន្ទាប់ពីខេត្តសៀមរាប និង ជាខេត្តដែលសេសសល់ព្រៃឈើមានលក្ខណៈធម្មជាតិ ដែលកំពុងត្រូវបានអភិរក្សការពារពីគ្រប់ភាគីពាក់ព័ន្ធ។ គោលដៅទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសចរមកទស្សនាកម្សាន្តមានចំនួន ២៧កន្លែង ក្នុងនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ ០៥កន្លែង, សារៈមន្ទីរ ០១កន្លែង, សហគមន៍ ១០កន្លែង វត្តគោលដៅទេសចរណ៍ ៣កន្លែង និងកន្លែងសក្តានុពលទេសចរណ៍ ៨កន្លែង។ សូមបញ្ជាក់ថា ទឹកធ្លាក់ព្រះនិម្មិត ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ នៃស្រុកឆែប មានចម្ងាយជាង ១៤០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តព្រះវិហារ ដោយជាប់គ្នានឹងព្រំដែនរបស់ប្រទេសឡាវខេត្តចំប៉ាសាក់ ព្រមទាំងខេត្តស្ទឹងត្រែងផង៕
ប្រភព៖ ក្រសួងព័ត៌មាន