បាត់ដំបង៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង២០នាទី លើផ្លូវជាតិលេខ៥ ហាយវេ ត្រង់ចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់។
លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើង រវាង រថយន្តម៉ាកហ្វូសូ (FUSO) ប្រភេទដឹកទំនិញធុនធ្ងន់ស៊េរី1993 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ប.មានជ័យ 3A-2122 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) និង ម៉ូតូម៉ាកហុងដាឃ្លីក (HONDA CLICK ) ស៊េរី2021 ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AG-2816 បើកបរដោយឈ្មោះ វ៉ាន់ រតនា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (មិនពាក់មួកសុវត្ថិភាព)។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូឃ្លីកធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហ្វូសូ ធ្វើដំណើរចេញពីទិសខាងលិចបត់ស្ដាំទៅទិសខាងត្បូង បណ្ដាលឲ្យម៉ូតូបើកបរក្នុងល្បឿនលឿនបានបុកពីក្រោយពេញទំហឹងតែម្ដង។
បច្ចុប្បន្ន នគរបាលស្រុកថ្មគោលបានយកមធ្យោបាយបង្ក និងវត្ថុតាងបានយកទៅរក្សារទុកនៅការិយាល័យខេត្ដ ដើម្បីដោះស្រាយតាមនីតីវិធី។ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ