ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១១នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោលបានទទួលព័ត៌មានពីឈ្មោះ ជិញ សោភា ភេទស្រី អាយុ៤៣ឆ្នាំ ថាមានករណីមនុស្សឆក់ខ្សែភ្លើងក្នុងទឹកស្រះស្លាប់ចំនួន០១នាក់ កើតហេតុនៅចំណុចស្រះក្រោយផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិបត់ត្រាច់ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឈឿន កាន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ យោងតាមការបំភ្លឺរបស់ប្រពន្ធឈ្មោះ ជិញ សោភា អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ថាប្តីរបស់គាត់បានដេញគោទៅវាលស្រែបាត់យូពេកមិនឃើញត្រលប់មកវិញប្រពន្ធបានដើរទៅរកប្តីតែមិនឃើញហើយគាត់បានត្រលប់មកផ្ទះវិញ លុះដល់ម៉ោង០៥និង១១នាទី គាត់បានដើរទៅមើលនៅស្រះទឹកបានឃើញប្តីគាត់ឆក់ខ្សែភ្លើងម៉ូទ័រ បូមទឹកស្លាប់បាត់ហើយ ព្រោះកន្លងមកប្រពន្ធបញ្ជាក់ថាម៉ូទ័របូមទឹកខូច ធ្លាប់ឆក់ត្រីងាប់ច្រើន ដងហើយ។ ករណីនេះប៉ុស្តិ៍ បានសហការជាមួយកម្លាំងនគរបាលជំនាញអធិការដ្ឋាន ស្រុកបានពិនិត្យកន្លែងកើតហេតុនិងបានធ្វើការពិនិត្យសាកសព ការសន្និដ្ឋាន តាមការពិនិត្យសពនិងការបំភ្លឺរបស់ក្រុមគ្រួសារសព។ សពពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងម៉ូទ័របូមទឹកក្នុងស្រះប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ