សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំតែងតែជោគជ័យស្ទើរតែគ្រប់រឿងជារៀងរហូតមក តែខ្ញុំមិនប្រកាសថាជា​គ្រូជោគជ័យនោះឡើយ

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានលើក​ឡើង​ថា សម្តេចតែងតែជោគជ័យស្ទើរគ្រប់រឿងជារៀងរហូតមក តែសម្តេចមិនប្រកាសថាសម្តេច​ជាគ្រូ​ជោគ​ជ័យនោះឡើយ។

ថ្លែងនាឱកាសអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅទូទាំង​ប្រទេស​​ចំនួន ១ ៥០០ នាក់ នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល​កោះពេជ្រ រាជ​ធានី​ភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ក្នុងជីវិតនយោបាយរបស់ខ្ញុំ ខ្ញុំតែងតែ ជោគជ័យ​ជា​រៀង​រហូតមក តែអ្វីដែលហៅថាចាញ់នោះគឺមាន ចំណុចដែលខ្លួនចាញ់​ឧទាហរណ៍ធ្វើអ្វីមិន​ជោគជ័យ ត្រូវកែវាដើម្បីឈានទៅរកជោគជ័យ។ ប៉ុន្តែក្នុងន័យនយោបាយនិងក្នុងក្របខណ្ឌទូទៅ ចេញដំណើរពី​ការតស៊ូរំដោះជាតិ ២០ មិថុនា ១៩៧៧ ខ្ញុំជាអ្នកជោគជ័យមួយក្នុង ចំណោមអ្នកជោគ​ជ័យ​នៅលើពិភព​លោក ពីប្រទេសមួយដែលមានការបែកបាក់សង្រ្គាមជាចម្រៀកៗ ទៅជាប្រទេស​មួយដែលមាន​ការ​ឯក​ភាពជាតិ ដោយគ្មានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់។ ខ្ញុំយកក្បាលរបស់ខ្ញុំ​ទៅ​ដូរជាមួយនឹង​សន្តិភាពក៏ប្ដូរជាមួយនឹងការរស់រានមានជីវិតទៅប្ដូរនឹងកំណែទម្រង់ទាំងឡាយដើម្បី​ការ​អភិវឌ្ឍ​សេដ្ឋនកិច្ចសង្គមនេះជោគជ័យ។ តែខ្ញុំមិនទាន់ប្រ កាសថាជាគ្រូជោគជ័យទេ​ហើយក៏មិនទាន់​អាចទៅ​បង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ»។

សម្តេចតេជោបានជំរុញលើកទឹកឱ្យបន្តមាន​ការ​បង្ហាត់​បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាន និង​ជោគ​ជ័យដល់ស្រទាប់មហាជនខ្មែរតែក៏ត្រូវចៀសវាងនូវ​ពាក្យពេចន៍ខ្លះៗ ដែលមានភាពរសើប និង​បង្កបញ្ហាដល់សង្គម ហើយត្រូវខំរៀនឱ្យបានច្រើននូវអក្សរ​សាស្ត្រ​ខ្មែរ​ និងរបៀបនិយាយ។ សម្ដេចតេ​ជោ​បានថ្លែងបញ្ជាក់ថា៖ «បញ្ហារបៀបនិយាយទៀតសោត ខ្ញុំសុំផ្ដាំ ដំបូងបំផុតត្រូវដឹងថាអ្នក​ណា​អង្គុយ​ពីមុខ ដើម្បីចៀសវាងមិនល្អ យើងគួរត្រូវតែដឹងថាអ្នកណា​​ដែលអត់នៅអង្គុយពីមុខយើង»។

សូមជម្រាបថា ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ គឺបន្ទាប់ពីថ្មីៗនេះមាន​បុគ្គល​មួយចំនួនដែលតាំងខ្លួនជាគ្រូជោគជ័យ ចែករំលែកគំនិតរបស់ពួកគេដល់មហាជន ហើយថែម​ទាំ​ងបង្កឱ្យមានមតិរិះគន់ ដោយសារតែការនិយាយរបស់ខ្លួនបង្កើតឱ្យមានការប្រៀបធៀប​រវាងអ្នកមាន និងអ្នកក្រ ព្រមទាំងការបែងចែកវណ្ណៈនៅក្នុងសង្គម ក្រោយរងប្រតិកម្មពីមហាជនគ្រូជោគជ័យ​ទាំង​នោះ​បានដឹងកំហុសនិងប្រកាសសូមទោសជាសាធារណៈផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន