ឯកឧត្តមឃួង ស្រេង ជំរុញក្រុមជំនាញការងារសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ឱ្យរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក

0

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមហ៊ុនដែលទទួលម៉ៅការសាងសង់ មន្ទីរពេទ្យជាតិតេជោសន្ដិភាព ស្ថិត សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿន ពោលគឺធ្វើយ៉ាងណាឱ្យរួចរាល់ទៅតាមផែនការដែលបានគ្រោងទុក នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ។

ឯកឧត្តម បានជំរុញបែបនេះ នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ជាមួយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ដ្រីជំនាញ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ជាថ្មីម្តងទៀត ដើម្បីជំរុញការសាងសង់មន្ទីរពេទ្យនេះឱ្យបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក ពិសេសចំពោះកិច្ចការដែលនៅសេសសល់មួយចំនួននោះ។

ក្រៅពីការដើរពិនិត្យដោយផ្ទាល់ហើយនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានបើកកិច្ចប្រជុំនៅក្នុងទីតាំង នៃមន្ទីរពេទ្យនេះផងដែរ ដើម្បីរិះរកគ្រប់វិធីសាស្ត្រធ្វើយ៉ាងណា ឱ្យសំណង់ដ៏សំខាន់មួយនេះបានរួចរាល់ទៅតាមគម្រោងដែលគ្រោងទុក ។ ពិសេសអគារ H3 ដែលជាអគារសម្រាប់វះកាត់ និងព្យាបាលជំងឺ កីឡាករ កីឡាការិនីដែលរងរបួស ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តាមបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើយ៉ាងណាឱ្យក្រសួងសុខាភិបាល រៀបចំបន្ទប់វះកាត់ និងព្យាបាលជំងឺ អគារH3នេះឱ្យបានរួចរាល់នៅមុនការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ ខាងមុខនេះ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើពិធីក្រុងពាលីតាមបែបសាសនា សុំម្ចាស់ទឹក ម្ចាស់ដី ដើម្បីសាងសង់ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ។

មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានអគារសម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ (E) ,អគារសម្រាកព្យាបាលកម្រិតធ្ងន់ (H1 និង H2), អគារសម្រាកព្យាបាលកម្រិតស្រាល (H3, H4, H5, H6 និង H7) ។ សរុបចំនួនគ្រែអ្នកជំងឺពីអគារ ( H1 ដល់ H7) មានប្រមាណ ១ម៉ឺនគ្រែ ជាមួយនឹងអគារបច្ចេកទេស (T) ។ មណ្ឌលនេះ មានចំណតរថយន្ត (P), សួនច្បារ (G3), មានសួនបៃតង អគារផ្គត់ផ្គង់ និងព័ត៌មាន (A), អគារស្នាក់នៅសម្រាប់បុគ្គលិក (S)។ សម្រាប់អគារ A, S, E, H1,H2, H3, H4, H5, H6, H7, T1, T2 ដែលអគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ ៗ ជាពិសេសអគារ T1, T2 ។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ស្ថាបនាដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី C.J.E.C. Co., Ltd សហការជាមួយសាលារាជធានីភ្នំពេញ។

មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ការសាងសង់រួចជាស្ថាពរ និងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣។ មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាងគេនៅប្រទេសកម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នកជំងឺទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ព្រមទាំងអ្នកជំងឺដែលមកពីខេត្ដកណ្ដាល និងកំពង់ស្ពឺ ជាព្រំប្រទល់ជាប់រាជធានីភ្នំពេញព្រមទាំងអ្នកជំងឺមកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសផងដែរ ។ ក្នុងករណីដែលមានជំងឺឆ្លងលក្ខណៈទ្រង់ ទ្រាយធំ គឺមន្ទីរពេទ្យជាតិដ៏ធំមួយនេះ អាចមានលទ្ធភាព ក្នុងការទទួលអ្នកជំងឺដោយមិនមានការព្រួយបារម្ដនោះទេ មន្ទីរពេទ្យនេះបំពាក់ដោយសម្ភារ បរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។

អគារសម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ នឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុង រយៈ ពេល១ឆ្នាំ ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ការចាប់ផ្តើមដំណើរការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្ដិភាពនេះ ពិតជាបានបង្ហាញឱ្យឃើញពី ការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ៕

ប្រភព៖ ក្រសួងព័ត៌មាន