ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រៀបធៀបចាត់ទុកប្រជាជន ជាគីឡូស្រាល គឺជាការនិយាយបែបប្រមាថប្រជាជន ដោយសម្ដេចបានបញ្ជាក់ថា ប្រជាជនគឺជាទឹក យើងគឺជាទូក ទឹកអាចពន្លេចទូកបាន សូមកុំភ័ន្តច្រឡំថាប្រជាជន គឺជាគីឡូស្រាលឱ្យសោះ ប្រជាជនគឺជាគោលដៅដែលពួកយើងត្រូវបម្រើពួកគាត់។
ក្នុងសារជាសំឡេងតាមតេឡេក្រាមយប់ថ្ងៃទី ០៥ ខែមេសា ឆ្នាំៗ០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីវិលត្រឡប់មកពីប្រទេសឡាវ សម្ដេចបានទទួលនូវសារជាសំឡេង របស់ក្មួយស្រី តាំង ហ្គេចលៀង ជាមួយនឹងប្រតិកម្មយ៉ាងច្រើនដែលចេញមក ដើម្បីតទល់ជាមួយក្មួយស្រី។ លើកមុនមានការជ្រួលច្របល់ម្ដងហើយ អំពីការប្រៀបធៀបរវាង អ្នកមាន និងអ្នកក្រ ពេលនោះអាចមានហេតុផលខ្លះ និងយោគយល់។
សម្ដេចតេជោបន្តថា តែពេលនេះ ក្មួយស្រីបែរជាប្រៀបធៀប ប្រជាជនធម្មតា គឺ គីឡូស្រាល ដែលធ្វើឱ្យក្មួយស្រីគិតថា អ្នកគីឡូស្រាលនេះ គឺមិនមានតម្លៃអ្វីសម្រាប់ក្មួយ នេះជាកំហុស។ សម្តេចតេជោបញ្ជាក់ថា ជាការល្អហើយដែលក្មួយសុំទោសជាសាធារណៈទាន់ពេល។ ក្មួយស្រីត្រូវដឹងថា ក្នុងសង្គមមនុស្ស គ្មានអ្នកណាគីឡូធ្ងន់ គ្មានអ្នកណាគីឡូស្រាលទេ មនុស្សមានសេរីភាពដូចគ្នា ហើយយើងគួរតែបញ្ជាក់ថា ពូជអ្នកមាន វាដាច់ពូជអស់ទៅហើយក្នុងជំនាន់ប៉ុលពតនោះ។ ពួកយើងសុទ្ធតែជាពូជអ្នកក្រដូចតែគ្នា ដែលចាប់ផ្ដើម កវែក កឆ្នាំង ចាប់ឆ្នាំ១៩៧៩ គឺ៤៤ឆ្នាំមុនតែប៉ុណ្ណោះ។ ដូច្នេះយើងមិនគួរបែងចែករវាងអ្នកមាន និងអ្នកក្រនោះទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា ដោយសារតែភាពក្រហ្នឹងហើយ បានជាយើងប្រឹងងើបឈរឡើងទាំងអស់គ្នា នៅក្នុងក្របខណ្ឌទូទាំងប្រទេស កសាងជីវភាព ពីភាពតោកយ៉ាក មកកាន់ជីវភាពមួយ ដែលគាប់ប្រសើរជាងមុន។ អត្រានៃភាពក្រីក្របានធ្លាក់ចុះ ជាមួយនិងក្រុមគ្រួសារមួយចំនួនបានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិ។ អ្នក្រីក្រនោះហើយ ដែលជាប្រធានបទ ដែលយើងត្រូវដោះស្រាយសម្រាប់ពួកគាត់ ជួយពួកគាត់ឱ្យមានការងារធ្វើ ជួយពួកគាត់ឱ្យមានការងារធ្វើ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា ប៉ុន្តែអ្វីដែលសម្ដេចសោកស្ដាយបំផុតនោះ គឺក្មួយស្រីបានយកការប្រៀបធៀបប្រជាពលរដ្ឋធម្មតា មានគីឡូស្រាល នេះជាការខុសឆ្គងធំណាស់សម្រាប់ក្មួយ។ សម្ដេចតេជោ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ផ្ដើមចេញពីការសុំទោសមួយនេះ រឿងហ្នឹងមិនបន្តភាគតទៅទៀតទេ បញ្ចប់ត្រឹមប៉ុណ្ណឹងបានហើយ។ រីឯក្មួយស្រីសូមកុំបញ្ចេញយោបល់តទៅទៀត អំពីអ្វី ដែលហៅថា រវាងអ្នកមាន និងអ្នកក្រ សុំកុំបញ្ចេញយោបល់តទៅទៀតថា គីឡូធ្ងន់ ឬគីឡូស្រាល សូមកុំបញ្ចេញយោបល់តទៅទៀតប្រជាជនធម្មតាថា គ្មានទម្ងន់។
សម្ដេចតេជោលើកឡើងប្រៀធៀបថា សូមម្បីតែសត្វស្រមោច ក៏អាចធ្វើឱ្យសត្វដំរីដេកមិនលក់បានដែរ។ ប្រជាពលរដ្ឋនោះហើយ គឺជាគ្រឹះនៃប្រទេសជាតិ បើគ្មានប្រជាពលរដ្ឋទេ យើងក៏គ្មានប្រទេសជាតិដែរ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រាជរដ្ឋាភិបាល ធ្វើដើម្បីប្រជាពលរដ្ឋ មានបាន គ្រាន់តែអ្នកខ្លះមានលឿន អ្នកខ្លះមានឆាប់ អ្នកខ្លះឡើងទៅបានខ្ពស់ អ្នកខ្លះឡើងបានមធ្យម អ្នកខ្លះបានកម្រិតណាមួយ។ យើងនៅមានអ្នកខ្សត់ខ្សោយដែលត្រូវជួយ។
សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ក្មួយស្រីតាំង ហ្គេចលៀង បានសុំទោសជាសាធារណៈនេះ គឺត្រឹមត្រូវ និងបានទាន់ពេលវេលា បើមិនដូច្នោះទេ ពួកអគតិនឹងប្រើប្រាស់បញ្ហានេះ ដើម្បីវាយប្រហារទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថាមិនយកចិត្តទុកដាក់ការពារប្រជាពលរដ្ឋ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបញ្ចប់រឿងនេះត្រឹមប៉ុណ្ណេះ សម្រាប់ពួកប្រឆាំង គេធ្វើអ្វីក៏ធ្វើទៅចុះ សម្រាប់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា សូមទទួលយកនូវការសុំទោសនេះ ហើយសូមបញ្ឈប់នូវការវាយប្រហារគ្នាតាមរយៈបណ្ដញសង្គម។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ការចេញសារទាំងពេលយប់របស់សម្ដេចនេះ គឺចង់ឱ្យមានការស្រុះស្រួលជាតិ គ្មានការបែកបាក់ បុគ្គលម្នាក់មិនអាចធ្វើឱ្យសង្គមរង្គោះរង្គើទេ ក៏ប៉ុន្តែប្រសិនបើមិនទប់ស្កាត់ ភ្លើងវណ្ណៈ ទំនាស់វណ្ណៈ ប្រឆាំងវណ្ណៈ តស៊ូវណ្ណៈ វានឹងផ្ទុះឡើង ដែលនឹងអាចក្លាយទៅជាវិបត្តិសង្គមដ៏ធ្ងន់ធ្ងរ។ ព្រោះ ការនិយាយបែបប្រមាថប្រជាជន ដែលចាត់ទុកថាប្រជាជនគឺជាគីឡូស្រាល នេះគឺជារឿងមិនត្រឹមត្រូវ ហើយសូមបញ្ជាក់ថា ប្រជាជនគឺជាទឹក យើងគឺជាទូក ទឹកអាចពន្លេចទូកបាន សូមកុំភ័ន្តច្រឡំថាប្រជាជន គឺជាគីឡូស្រាលឱ្យសោះ ប្រជាជនគឺជាគោលដៅដែលពួកយើងត្រូវបម្រើពួកគាត់ នេះមិនមែនជាបញ្ហាតូចតាចនោះទេ៕
ប្រភព៖ ក្រសួងព័ត៌មាន