ឃាត់ខ្លួនក្មេងទំនើង ១២នាក់ យកមកអប់រំ

0

ឧត្តរមានជ័យ ៖ អនុវត្ត​តាម​ការ​ចង្អុលបង្ហាញ និង​បទបញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តឧត្តរមានជ័យ នា​ថ្ងៃ​ពុធ ១៥​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣ នៅ​វេលា​ម៉ោង ១០​ៈ​៣០​នាទី លោក​វរសេនីយ៍ទោ ជ័យ វាសនា អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ឃាត់ខ្លួន​ក្មេង​ទំនើង​ដែល​បង្ក​ភាព​អាណា​ធិ​ប​តេ​យ្យ​ឈ្លោះប្រកែក និង​ប្រើប្រាស់​ហិង្សា​វាយតប់​គ្នា នៅ​ចំណុច​មាត់​ស្រះ​មុខ​វត្ត​ត្រពាំង​ប្រាសាទ ស្ថិត​ក្នុងភូមិ​ត្រពាំង​ប្រាសាទ ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ ចំនួន ០២​ក្រុម ដែល​មាន​គ្នា សរុប​ចំនួន ១២​នាក់ និង​ដកហូត​វត្ថុ​តាង​សម្ភារៈ​មួយ​ចំនួន រួម​មាន​៖ ម៉ូតូ ចំនួន ០៥​គ្រឿង -​កាំបិត​តាំង​តោ ០២​ដើម និង​ខ្សែ​ក្រ​វ៉ា​ត់ ០២​ខ្សែ យក​មក​កាន់​អធិការដ្ឋាន​ស្រុក​ត្រពាំង​ប្រាសាទ​ដើម្បី​ធ្វើការ​សួរនាំ ។

ជាមួយ​គ្នា​នោះ​ដែរ​នៅ​រសៀល​ថ្ងៃ​ដដែល​វេលា​ម៉ោង ១៥​ៈ​០០​នាទី ឯកឧត្ដម គង់ ក​ន្នា​រិ​ទ្ធ អភិបាលរង​ខេត្តឧត្តរមានជ័យ បាន​អញ្ជើញ​ទៅ​ផ្ទាល់​ដល់​អធិការដ្ឋាន ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អាណាព្យាបាល និង​ធ្វើការ​អប់រំ ណែនាំ ដល់​ក្រុម​ក្មេង​ទំនើង​ទាំង ១២​នាក់ និង​បាន​ហាម​ថ្ងៃក្រោយ​កុំ​ឲ្យ​មាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ​បន្ត​ទៅ​ទៀត ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង​ទាំង ១២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន​ម៉ូតូ​ចំនួន ៥​គ្រឿង ផង​ដែរ​នោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ ធ្វើ​កំណត់ហេតុ​ធ្វើការ​អប់រំ​ចុះ​កិច្ចសន្យាធានា​ពី​អាណាព្យាបាល​ដើម្បី​មក​ធានា​យក​ទៅ​លំនៅ​ដ្ឋា​ន​វិញ​ផង​ដែរ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ