សមាគមឧកញ៉ាកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីស្របច្បាប់នៅក្រសួងមហាផ្ទៃ ខណៈសម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើជាប្រធានកិត្ដិយសសមាគម

0

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមឧកញ៉ាកម្ពុជា។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងថា បច្ចុប្បន្ន សមាគមឧកញ៉ាកម្ពុជា ត្រូវបានដឹកនាំ និងតម្រង់ទិសដោយសមាជិកក្រុមប្រឹក្សាភិបាលចំនួន៣២រូប ដែលមានអាណត្តិ៥ឆ្នាំ ហើយការងារប្រចាំថ្ងៃត្រូវបានអនុវត្តន៍ដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំរបស់អគ្គលេខាធិការ១រូប។ ទន្ទឹមនេះ សមាគមឧកញ៉ាកម្ពុជា មានគណៈកម្មការជំនាញចំនួន៤ រួមមាន៖ ១. គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌ ២. គណៈកម្មការកិច្ចការច្បាប់ ៣. គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ និង៤. គណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។ បើតាមសមាគមឧកញ៉ាកម្ពុជាបានគូសបញ្ជាក់ថា សមាជិករបស់សមាគមមាន ៣ប្រភេទ រួមមាន ១. សមាជិកស្ថាបនិក ២. សមាជិកសកម្ម និង៣. សមាជិកទ្រទ្រង់។

ចំពោះអ្នកទទួលបានគោរមងារឧកញ៉ា ឬអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលប្រោសប្រទានដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក សមាគមឧកញ៉ាកម្ពុជា បានដោយបំពេញនូវលក្ខខណ្ឌដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក។ សមាគមឧកញ៉ាកម្ពុជាបានបញ្ជាក់ថា សម្រាប់ទស្សនៈវិស័យរបស់សមាគម គឺរក្សានិងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ាក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បី អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ បេសកកម្មចម្បងៗរបស់ សមាគមឧកញ៉ាកម្ពុជា រួមមាន៖ ១. តំណាងឱ្យសំឡេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា។ ២. រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត។ ៣. លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា។ ៤. បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះទៀត តាមរយៈលិខិតលេខ៣៤៩ ស.ជ.ណ និងលិខិតលេខ៣៥០ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី សមាគមឧកញ៉ាកម្ពុជា បានទទួលការគាំទ្របន្ថែមទៀតពីរាជរដ្ឋាភិបាល ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានយល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមតាមការគោរពអញ្ជើញរបស់ អ្នកឧកញ៉ា ប្រធានសមាគម។ ទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ដែលតំណាងឱ្យអ្នកមានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ ស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាដៃគូររបស់រាជរដ្ឋាភិបាលក្នុងការជំរុញលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ តាមរយៈលិខិតដដែលនោះ គឺអនុញ្ញាតឱ្យចូលរួមជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្ដី ក្នុងបេសកកម្មមួយចំនួនទាំងក្នុង និងក្រៅប្រទេសដែលជំរុញលើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន