បាត់ដំបង៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី២០ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលបានពាក្យបណ្ដឹង មានករណីលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ គឹម សិលា ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ម៉ូតូដែលបានបាត់ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ បាត់ដំបង 1Q-5473 ចំនួន ០១គ្រឿង។
ក្រោយពីបានទទួលពាក្យបណ្តឹង ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹងនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១.ឈ្មោះ រុំ ភីរក្ស ហៅង៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិទួលស្បូវ ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងទី២.ឈ្មោះ សឿម កុយ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិជើងស ឃុំបក់កណ្ដាល ស្រុកបាកាន ខេត្តពោធិសាត់។ ករណីខាងលើនេះកម្លាំងនគរបាលក្រុងបាត់ដំបង បាននាំខ្លួនសង្ស័យទាំង ០២នាក់យកធ្វើការសាកសួរ នៅអធិការដ្ឋានក្រុងបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខបាត់ដំបង 1Q-5473 ។
-មួកសុវត្តិភាព ពណ៍ខ្មៅ ចំនួន០១ ។
-ទូរស័ព្ទដៃម៉ាក់ Nokia ចំនួន ០១គ្រឿង។
នៅពេលនេះ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យទាំង០២នាក់មកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ