បងៗរត់ម៉ូតូឌុបគួរប្រុងប្រយ័ត្ន!! ព្រោះចោរអាចប្រើល្បិចនេះ ដើម្បីប្លន់ម៉ូតូ

0

ព្រះ​សីហ​នុ​៖ ​ជន​ស​ង្ស​យ័​ម្នាក់​ដែល​ធ្វើ​សកម្មភាព ប្រើ​ខ្សែរឹតក ប្ល​ន់​យក​ម៉ូតូ ពី​ជន​រង​គ្រោះ​អ្នក​រត់​ម៉ូតូឌុប​មួយ​រូប​នៅ​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​នគរបាល​បង្ក្រា​ប​និង​ ចាប់​ខ្លួន​បាន​ហើយ ក្រោយ​រត់គេច​ខ្លួន​ជិត​២០​ថ្ងៃ​។

ប្រភព​ពី​នគរបាល​ជំនាញ ស្នងការដ្ឋាន​គ​របាល​ខេត្ត​ព្រះ​សីហ​នុ​ឲ្យ​ដឹង​ថា ជន​ស​ង្ស័យមានឈ្មោះ វង ស៊ី​ណា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​១ ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៣ បាន​ហៅ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​ទៅ​ស្រុក​ស្ទឹង​ហាវ ដោយ​ឲ្យ​តម្លៃ ៣០,០០០​រៀល (​បី​ម៉ឺន​រៀល​) លុះដល់​ចំណុច ជិត​កន្លែង​ដាំ​កូន​ឈើ ក្នុង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ជា​កន្លែង​ស្ងាត់ ជនសង្ស័យ​បាន​យក​ខ្សែ​មករឹត ក​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួ​ល​សន្លប់ បន្ទាប់​មក​ជន​ស​​ង្ស័​យ​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​តែ​ម្តង ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ ធ្វើការ​ស្រាវជ្រាវ រហូត​ស្វែងរក​ឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ​125 ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ (​ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​) នៅ​ចំណុច​ក្នុង​ព្រៃ​ក្រោយ​ចំណោត​លោកយាយ​ម៉ៅ ក្នុង​សង្កាត់​១ ក្រុងព្រះសីហនុ ដោយ​ជនសង្ស័យ​បាន​យក​ទៅ​លាក់​ទុក​នៅ​ទីនោះ ។ ក្រោយ​កំណត់​បាន​មុខសញ្ញា ការ​ស្រាវជ្រាវ​បាន​ធ្វើ​បន្ត រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៣ ទើប​នគរបាល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន នៅ​ម្តុំ​តោ​២ សង្កាត់​៤ ក្រុងព្រះសីហនុ ។

ជន​រង​គ្រោះ​ឈ្មោះ ង៉ែត ហុ​ក​ហួត ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រត់​ម៉ូតូ​ឌូ​ប រស់នៅ​សង្កាត់​១ ក្រុងព្រះសីហនុ ។ បើ​តាម​នគរបាល​បញ្ជាក់ ថា ជនសង្ស័យ​រូប​នេះ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្ល​ន់​ករណី​នេះ​ពិតប្រាកដ​មែន ។ វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន មាន​ម៉ូតូ​ចំនួន ០១​គ្រឿង និង​ទូរស័ព្ទ ០១​គ្រឿង ហើយ​ជនសង្ស័យ​រូប​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ Huy Bunleng News