ម្នាក់ស្លាប់ ម្នាក់របួសធ្ងន់ ព្រោះតែចរន្តអគ្គិសនី

0

បាត់ដំបង៖ នៅព្រឹកថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ២០២៣​ វេលាម៉ោង ០៨​និង​៣០នាទី​ នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់ ។
លោកវរសេនីយ៍ទោ​ សំ​ វីរៈ អធិការនគរបាលស្រុកបាណន់ បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យស្លាប់ ជនរងគ្រោះឈ្មោះ ខោន​ ខេន​ ភេទប្រុស​ អាយុ​ ៣៦​ឆ្នាំ​ រស់នៅភូមិ​ដង្គត់ធ្នង់​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ស្លាប់នៅកន្លែង​កេីតហេតុ​ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សុខ​ សាមឌី​ ភេទ​ប្រុស​ អាយុ​ ៣៤ឆ្នាំ​ រស់នៅភូមិ​ដង្គត់ធ្នង់​ ស្រុកបាណន់​ ខេត្តបាត់ដំបង ​រងរបួសធ្ងន់​ បានបញ្ជូលទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង ០២នាក់ បានទៅ​សុីឈ្នូល​ផ្សារ​ដំបូលផ្ទះ​អោយ ឈ្មោះ​ សុខ​ សំបូរ​ ភេទស្រី​ អាយុ​ ៣៧ឆ្នាំ​ នៅក្រុមទី​៧​ ភូមិ​ដង្គត់ធ្នង់​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។ ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ ខោន​ ខេន​ នេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន។ បច្ចុប្បន្ន ជនរងគ្រោះរបួសធ្ងន់ម្នាក់​ បានបញ្ជូលទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកសាកសពជនរងគ្រោះម្នាក់ទៀត ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ