បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីវេលាម៉ោង១៣ និង០០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ យោងតាមពាក្យបណ្តឹងឈ្មោះ ស៊ុម មៅ (តៅ) ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំខាងលេី។
លោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុហត្ថស្រុកស្វាយចេកបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឈ្មោះ ហឿង វីត (ហៅ ជួន) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិបែកចានចាស់ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បន្តថា កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតខ្វែវដងឬស្សីប្រវែង៦៥សង់ទីម៉ែត ទៅរករឿងនិងបំរ៉ុងកាប់ទៅលើជនរងគ្រោះ តែជនរងគ្រោះបានរត់គេច ហេីយជនសង្ស័យក៏បានយកដំបងឈើដេញវាយទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសចំកែងដៃឆ្វេង និងត្រូវចំចង្កេះផ្នែកខាងក្រោយ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗ ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក។
លោកមេបញ្ជាការស្រុកបន្តទៀតថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែដើរអុកឡុក និងបង្កបញ្ហាដល់អ្នករស់នៅក្នុងភូមិ ធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច។ ហេីយជនសង្ស័យតែងតែបង្កបញ្ហា និងវាយធ្វើបាបប្រពន្ធ រហូតដល់ប្រពន្ធកូនគេចទៅរស់នៅ និងរកស៊ីនៅប្រទេសថៃ ដោយសារទ្រាំនិងទង្វេីប្តីមិនបាន។
ក្រោយយាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានធ្វេីសកម្មភាព ដេញកាប់ និងវាយទៅលេីជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមនីតិវិធី៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ