គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ទទួលបានការគាំទ្រពេញទំហឹងពីនាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស (ចិន)

0

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូ ដឹកនាំដោយ លោក ZHANG Zhiqing អនុប្រធាននាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ នៃប្រទសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះ ក្នុងគោលបំណងពិភាក្សា ជាពិសេសលើគម្រោងផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ដើម្បីពន្លឿនគម្រោងមួយនេះឱ្យលេចឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីគម្រោងធំៗ ដើម្បីពិនិត្យលទ្ធភាព ក្នុងការផ្តល់ជំនួយហិរញ្ញប្បទាន ដូចជា៖ (១) គម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ។ (២) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ។ (៣) គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិតដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

ជាមួយគ្នានេះដែរ ភាគីចិនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង លើគម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ និងបានចាត់តាំងក្រុមការងារបច្ចេកទេស ដើម្បីចូលរួមសហការជាមួយភាគីកម្ពុជា ក្នុងការអនុវត្តការងារបច្ចេកទេស ពាក់ព័ន្ធក្នុងជំហានបន្ទាប់។ ជាមួយគ្នានេះដែរ ភាគីចិនក៏បានផ្តល់ការពន្យល់លម្អិតអំពីយុទ្ធសាស្ត្រ និងផែនការសកម្មភាពសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ ដោយបានបញ្ជាក់ថា ការបង្កើតក្រុមការងារបច្ចេកទេស គឺជាការងារអាទិភាព។

ចំពោះការស្នើឱ្យបង្កើតក្រុមការងារបច្ចេកទេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាព ដោយនឹងមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីស្ថាប័នពាក់ព័ន្ធផងដែរ។

ទន្ទឹមនឹងនេះ លោក ZHANG Zhiqing បានគូសបញ្ជាក់ថា ចំពោះគម្រោងស្ថាបនាឡើងវិញកំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។ ដោយឡែកចំពោះគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីលទ្ធផល នៃការសិក្សាសមិទ្ធិលទ្ធភាព ដាក់ទៅស្ថាប័នជំនាញពាក់ព័ន្ធ សិក្សាឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋានក្នុងការឆ្លើយតបត្រឡប់មកវិញ។

សូមបញ្ជាក់ថា ទំនួលខុសត្រូវចម្បងរបស់នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស គឺផ្តល់ជូននូវយុទ្ធសាស្ត្រ ផែនការ និងគោលនយោបាយសម្រាប់ការប្រើប្រាស់ទុនបរទេស និងការវិនិយោគក្រៅប្រទេស និងពិនិត្យវាយតម្លៃគម្រោងសំខាន់ៗ ។ លើសពីនេះ នាយកដ្ឋានក៏ផ្តល់នូវការណែនាំ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិលើគម្រោងធំៗ ក្នុងការតភ្ជាប់អន្តរហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិត និងការ ផលិតធនធានថាមពលផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន