បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃ៣នាក់ យោងតាមពាក្យបណ្តឹងជនរងគ្រោះជាជនជាតិចិន ករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខវត្តផ្សារកណ្តាល ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ១.ឈ្មោះ Soraprach Kiryapong ភេទប្រុស ជនជាតិថៃ, ២.ឈ្មោះ Supphachai Setteemut ភេទប្រុស ជនជាតិថៃ។ ៣.ឈ្មោះ MONSAK AIMYOO (ហៅសៀ) ភេទប្រុស ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅបណ្តោះអាសន្នភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តថា នៅវេលាម៉ោងកេីតហេតុខាងលេី ជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពដោយយកកាំបិតប៉័ងតោកាប់ទៅលើជនរង គ្រោះចំនួន០២នាក់ ១,ឈ្មោះ CHEN CHUN WEI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។ ២,ឈ្មោះLIN CHUN FU ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន បណ្តាលឱ្យរងរបួសជាច្រើនកន្លែង។
ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើរួច កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ នឹងឃាត់ខ្លួនជនសង្ស័យខាងលើ ព្រមទាំងចាប់យកវត្ថុតាងយកមកសួរនាំអំពីរឿងហេតុនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។
ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វេីសកម្មភាពកាប់ទៅលេីជនរងគ្រោះជាជនជាតិចិនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្ដែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ