ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថ្លែងថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាមានគ្រប់គ្រាន់ ខណៈតម្រូវការប្រើប្រាស់ជាទូទៅកើនឡើងដល់ ១៩០ ០០០លីត្រ ក្នុងមួយខែៗ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទោះបីមានតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈមខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជនដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នាទៅវិញទៅមក ធ្វើយ៉ាងណាធានាឱ្យបរិមាណប្រេងគ្រប់គ្រាន់សម្រាប់លក់ និងតម្លៃសមរម្យអាចទទទួលយកបានទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។
ឯកឧត្តមបានបន្តថា ក្នុងពេលតម្លៃប្រេងកំពុងមានការប្រែប្រួល រាជរដ្ឋាភិបាលបានឧបត្ថម្ភធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ដែលកាលពីមុនត្រឹមតែ ៤សេនប៉ុណ្ណោះ។
ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលបានប្រឹងប្រែងរក្សានូវស្ថិរភាពថ្លៃ ដោយមានគោលការណ៍ ២ជាក់ច្បាស់ គឺមានបរិមាណប្រេងគ្រប់គ្រាន់សម្រាប់បម្រើប្រជាពលរដ្ឋ និងមានតម្លៃប្រេងសមរម្យដើម្បីឱ្យប្រជាពលរដ្ឋអាចទិញយកទៅប្រើប្រាស់បាន។
សំឡេង៖ «រាល់ កត្តាផ្សេងៗ ដែលជាកត្តាដែលយើងគ្រប់គ្រងបាននៅក្នុងស្រុក ពន្ធគយ ពន្ធលើប្រាក់ចំណេញ និងកត្តាដែលទាក់ទងកម្រិត ចំណេញ និងចំណាយឱ្យទៅវិស័យឯកជន គឺនៅដដែលទាំងអស់ គឺអត់មានអ្វីប្រែប្រួលគឺអត់មានការដំឡើងអ្វីទាំងអស់។ ក៏ប៉ុន្តែអ្វីដែលប្រែប្រួលគឺប្រែប្រួលតែតម្លៃប្រេងអន្តរជាតិ ហើយបើប្រេងអន្តរជាតិឡើងខ្ពស់ ហើយបើយើងបង្ខំឱ្យស្ថានីយលក់ រាយគាត់លក់ថោក ជាងអ្វីដែលគាត់ទិញមក គឺគាត់មិនអាចរស់នៅបម្រើយើងបានទេ ដូច្នេះយើងត្រូវគិតគូរដល់វិស័យឯកជន។»
ឯកឧត្តមបានឱ្យដឹងទៀតថា បច្ចុប្បន្នប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី វៀតណម និងថៃជាដើម។ គូរជម្រាបថា កាលពីថ្ងៃទី១៦ ខែ មីនាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេង ឥន្ធនៈ ខណៈសភាពការណ៍ប្រេងលើទីផ្សារអន្តរជាតិមានការប្រែប្រួល និងតម្រូវការប្រើប្រាស់ច្រើនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន