ថ្ងៃមុនជិះម៉ូតូទៅកាប់គេដូចជាខ្លាំងណាស់!! ហេតុអ្វីថ្ងៃនេះជាប់ខ្នោះហើយ នៅមិនខ្លាំងទៀតទៅ

0

បន្ទាយមានជ័យ ៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ១នាក់ យកមកសួរនាំ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកាប់លើយុវជនម្នាក់បណ្ដាលរងរបួសធ្ងន់ ។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បាទឲ្យដឹងថា ៖ មានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ ពេញ នុរៈសត្យា ភេទ​ប្រុស​ អាយុ​ ១៦ ឆ្នាំ​ រស់​នៅ​ ភូមិ​តារាងបាល់​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ បានប្តឹងរាយការណ៍ថា ៖ កាល​ពីថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២៣​ វេលាម៉ោង១៩ និង៤០នាទី ឈ្មោះ ពេញ នុរៈសត្យា ភេទប្រុស និងឈ្មោះ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ បាននាំគ្នាអង្គុយលេងនៅចំណុចផ្លូវលេខ៧ ស្ថិតនៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តែមានជនសង្ស័យ០១ក្រុម មានគ្នា០៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីម បានធ្វើសកម្មភាពវាយ និងកាប់មកលើឈ្មោះ ពេញ នុរៈសត្យា ជាច្រើនដៃ (រងរបួសស្រាល) ចំណែកឈ្មោះ បញ្ញា ត្រូវជាច្រើនកំបិត (រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ) ពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងនោះបានជិះគេចខ្លួនបាត់ ។ ក្នុងចំណោមជនសង្ស័យ០៤នាក់នោះ ឈ្មោះ ពេញ នុរៈសត្យា ស្គាល់ចំនួន ០២នាក់ ១-ឈ្មោះ ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ ដេត ភេទប្រុស អាយុ១៧ឆ្នាំ ។ 

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងបានហៅឈ្មោះ អុី សុខលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកសួរនាំនៅការិយាល័យជំនាញ ហើយបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក៣នាក់ទៀត ១-ឈ្មោះ លឺ ភេទប្រុស អាយុ១៩ឆ្នាំ ២-ឈ្មោះ ទី ភេទប្រុស អាយុ១៩ឆ្នាំ ទាំង២នាក់រស់នៅភូមិអរអំបិល ៣-មិនស្គាល់ឈ្មោះ ខ្លួនបានយកមួកសុវត្ថិភាពវាយទៅលើជនរងគ្រោះជាច្រើនមួក និងច្រើនដៃ ចំណែកឈ្មោះ លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកកាន់កំបិត និងកាប់ទៅលើជនរងគ្រោះ ។

បច្ចុប្បន្នជនសង្ស័យ ស្ថិតក្រោមការសួរនាំរបស់នគរបាលកម្រិតស្រាល សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ