ព្រៃវែង៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានកិត្តិយសសូមបំភ្លឺឆ្លើយតបជូនចំពោះគណនីហ្វេសប៊ុកមួយចំនួន ដែលបានបញ្ចេញមតិរិះគន់លើវិធានការអប់រំក្មេងទំនើង គប់កញ្ចក់រថយន្តនៅចំណុច ខាងកើតផ្សារកអណ្តើក កាលពីយប់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ ឱ្យបានជ្រាបថា៖
ការសម្រេចប្រើប្រាស់វិធានការអប់រំនេះ គឺយោងទៅលើទិដ្ឋភាពចំនួន៣ ទី១‑ការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា, ឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ។ ទី២‑មានការស្រុះស្រួលគ្នារវាងភាគីរងគ្រោះ និងភាគីបង្ក ដោយយល់ព្រមទទួលសំណងដើម្បីបញ្ចប់រឿង ។ ទី៣‑ដោយយល់ឃើញថា យុវជនបង្កទាំង ៣នាក់ មិនធ្លាប់មានប្រវត្តិប្រព្រឹត្តិបទល្មើស ហើយជាយុវជនដែលកំពុងពេញវ័យសិក្សា រៀនសូត្រ និងទទួលយកបទពិសោធថ្មីៗនៅក្នុងជីវិត ពិសេស គ្រួសាររបស់ពួកគេមានជីវភាពទីទាល់ក្រ ត្រូវការកម្លាំងពលកម្ម ដើម្បីជួយដល់ក្រុមគ្រួសារ ។
ផ្អែកតាមការស៉ើបអង្កេតដោយយកចិត្តទុកដាក់ ការគប់កញ្ចក់រថយន្តនោះ ពួកគេមិនបានប្រើដុំថ្មនោះទេ គឺប្រើដបទឹកសុទ្ធ ។ ទោះជាយ៉ាងណាក៏ដោយ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងយើង មិនគិតថា វាជាការគប់ដោយចេតនា ឬ អចេតនានោះទេ ព្រោះទោះបីជាពួកគេគប់ដោយអចេតនាក៏ដោយ ក៏វាអាចបង្កគ្រោះថ្នាក់បាន ប្រសិនបើតៃកុងរថយន្តមិនមានស្មារតីគ្រប់គ្រាន់ អាចនឹងរេចង្កូតក្រឡាប់រថយន្ត ឬ រេចង្កូតទៅបុកអ្នកធ្វើដំណើរតាមដងផ្លូវ បង្កគ្រោះថ្នាក់ដល់អាយុជីវិត ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមទទួលយកនូវការរិះគន់គ្រប់មជ្ឈដ្ឋាន ហើយនឹងខិតខំធ្វើការកែតម្រូវឱ្យបានល្អប្រសើរជាងមុន ។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សង្ឃឹមថា សាធារណៈជនទាំងអស់នឹងចូលរួមរិះគន់ ក្នុងន័យស្ថាបនាបន្តទៀត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ