ខំរត់ទៅដល់វៀតណាមហើយ គិតថារួចខ្លួន!! មានអីនៅតែជាប់ខ្នោះដដែរ

0

ព្រៃវែង៖ យោងតាមដីកាលេខ ៧២ ចុះថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ របស់លោក ហួត ហ៊ាង ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនឈ្មោះ បូ សារ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ដោយត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ ប៉ុនប៉ងឃាតកម្ម, រំលោភលើលំនៅដ្ឋាន, និងកាន់កាប់ប្រើប្រាស់អាវុធគ្រឿងផ្ទុះ គ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ។

ដើម្បីអនុវត្តតាមដីកានេះ នៅថ្ងៃដដែលក្រុមនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានចុះបេសកកម្មទៅដល់មូលដ្ឋានខាងលើភ្លាម ប៉ុន្តែឈ្មោះ បូ សារ៉ាន បានលួចរត់គេចខ្លួនចូលទៅប្រទេសវៀតណាម ។

ពេលដឹងថា ជនសង្ស័យបានរត់គេចខ្លួនភ្លាម កម្លាំងសមត្ថកិច្ចកម្ពុជា បានទំនាក់ទំនងទៅកាន់ខាងភាគីវៀតណាម ដោយបានផ្ញើររូបភាពរបស់ជនសង្ស័យ រួមនឹងយានជំនិះ តាមរយៈប្រព័ន្ធអនឡាញបណ្តាញសង្គមតេឡេក្រាម សំដៅឲ្យអាជ្ញាធរវៀតណាមងាយស្រួលកំណត់មុខសញ្ញា ។

បន្ទាប់ពីទទួលបានរូបភាពពីនគរបាលកម្ពុជាភ្លាម ខាងភាគីវៀតណាម បានកំណត់មុខសញ្ញា ដោយចាប់ឃាត់ខ្លួនឈ្មោះ បូ សារ៉ាន និងឆែកខ្លួនរកឃើញមានថ្នាំញៀន ហើយបច្ចុប្បន្ន ខាងអាជ្ញាធរវៀតណាមកំពុងបំពេញនីតិវិធីបន្តសិន មុននឹងបញ្ជូនមកកម្ពុជា ។

គួរបញ្ជាក់ថា ករណីតាមចាប់ជនសង្ស័យដល់វៀតណាមនេះ បានកើតមានឡើង ព្រោះដោយសារកាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០២:៣០ នាទីយប់ បុគ្គលឈ្មោះ បូ សារ៉ាន ត្រូវបានប្រជាជនប្តឹងថា បានប្រើប្រាស់កាំភ្លើងខ្លី បាញ់២គ្រាប់ ធ្លាយជញ្ជាំងផ្ទះរបស់ឈ្មោះ ឃុន ណាត នៅចំណុចភូមិស្វាយចេក ឃុំឬស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីប្រជាជនភ្លាមនៅយប់រម្លងអាធ្រាត្រថ្ងៃដដែល មន្ត្រីនគរបាលមូលដ្ឋាន បានចុះទៅស្រាវជ្រាវរកជនសង្ស័យខាងលើដែរប៉ុន្តែមិនឃើញ ។  និងបានស្រង់កំណត់ហេតុពីប្រជាជន បំពេញសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញរួចរាល់ដើម្បីសុំដីកាចាប់ខ្លួន ។ បន្ទាប់ពីទទួលបានសំណុំរឿង តុលាការបានចេញដីកាកោះចំនួនពីរលើក និងដីការបង្គាប់ឲ្យចូលខ្លួនចំនួនមួយលើក ប៉ុន្តែបុគ្គលនេះ មិនព្រមអនុវត្តតាម រហូតដល់ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ សមត្ថកិច្ចបានទទួលដីកាពីចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះឲ្យខានតែបាន ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ