កោះកុង ÷ កម្លាំងជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ៥នាក់ ។
ការឃាត់ខ្លួនជនសង្ស័យទាំង ៥នាក់នេះ គឺធ្វើឡើងតាមបណ្តឹងរបស់ឈ្មោះ ហុយ ហៃទី ភេទប្រុស អាយុ ២៣ឆ្នាំ បានមកប្តឹងរាយការណ៍ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២និង២៧នាទីយប់ នៅចំណុចមាត់សមុទ្រសួនសត្វ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែល ៩នាក់ ដោយក្នុងនោះខ្លួន ស្គាល់ម្នាក់ឈ្មោះ សេង សាន ភេទប្រុស អាយុ ២៣ឆ្នាំ បាននាំបក្សពួក មកព្រួតវាខ្លួន បណ្តាលអោយមានរបួសស្នាម ទើបខ្លួនរត់ទៅកន្លែងស្នាក់នៅរបស់ខ្លួន ក៏ឈប់ឈ្លោះគ្នា ។
សមត្ថកិច្ចនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ដូចជា ÷ ១-ឈ្មោះ សេង សាន អាយុ ២៣ឆ្នាំ មុខរបរ កម្មករ, ២-ឈ្មោះ ប៉ាង ពៅ អាយុ ១៨ ឆ្នាំ មុខរបរ ចុងភៅ, ៣-ឈ្មោះ គីម ម៉េងឈៀជ អាយុ ១៧ឆ្នាំ មុខរបរ ចុងភៅ, ៤-ឈ្មោះ ចំរើន ចំរុង អាយុ២១ឆ្នាំ មុខរបរ កម្មករ នៅ និង ៥-ឈ្មោះ អយ អេ អាយុ ១៧ឆ្នាំ មុខរបរ នៅផ្ទះ ។ គួរបញ្ជាក់ផងដែរថា ៖ នេះជាដេីមហេតុ ធ្វើឲ្យមាន ករណីឃាតកម្មនៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ដោយដេីមបណ្ដឹង ករណីនេះបានចាក់សម្លាប់ បក្ខពួកជនសង្ស័យខាងលេី ឲ្យស្លាប់ម្នាក់វិញ។
បច្ចុប្បន្នករណីនេះ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងបំពេញសំណុំរឿងតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកជនសង្ស័យបន្តទៀត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ