គម្រោងសាងសង់ផ្លូវពីកំពង់ធំមកកំពង់ឆ្នាំង គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤

0

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវពីកំពង់ធំមកកំពង់ឆ្នាំង គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤ ក្រោយពីសិក្សា ផលប៉ះពាល់ចប់សព្វគ្រប់។

ក្នុងឱកាស ចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នៅព្រឹកថ្ងៃ ទី ០៩ខែមីនាឆ្នាំ២០២៣ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងសាធារណការនិងដឹកជញ្ជូន សិក្សាឡើងវិញក្នុងការសាងសង់ផ្លូវ៥០C ដែលតភ្ជាប់ ពីកំពង់ធំមកកំពង់ឆ្នាំង ដោយខ្លាចប៉ះពាល់ដល់បរិស្ថាន ខណៈក្រោយពីការសិក្សារួចរាល់ ក្រុមហ៊ុនសិក្សា និង ក្រសួងបរិស្ថានថា ការសាងសង់ផ្លូវនិងស្ពានឆ្លងកាត់ទន្លេនេះ គ្មានការប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនោះទេ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ឯកឧត្តមបានរាយការណ៍ជូនទៅសម្តេចតេជោរួចហើយ ថាអាចកសាង ផ្លូវជាតិ៥០C ដោយគ្មានប៉ះពាល់បរិស្ថាននិងប៉ះពាល់ដល់មច្ឆជាតិនោះទេ ខណៈឆ្នាំ២០២៤ នឹងរកថវិកា ឱ្យបានក្នុងការសាងសង់ផ្លូវនេះ។

ឯកឧត្តម បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវ៥០C ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកដល់ក្រុង ស្ទឹងសែន ខេត្តកំពង់ធំនេះ នឹងមានស្ពានឆ្លងកាត់ទន្លេមួយដែលមានប្រវែង វែងជាងគេបំផុតនៅកម្ពុជា ដែលមានចម្ងាយប្រមាណ ៣.៣គីឡូម៉ែត្រ។

 « ការសិក្សាបរិស្ថានសំខាន់ណាស់ ព្រោះប៉ះពាល់បរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថានមិនឱ្យធ្វើទេ ខ្លាចប៉ះត្រីហែលមិនកើត អ៊ីចឹងខាងក្រសួងសិក្សាលំអិតណាស់ ហើយផ្តល់ ការឯកភាពមកក្រសួងសាធារណការនិងដឹកជញ្ជូនថា រៀបចំកសាងទៅបើមានថវិកា ឥឡូវសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានឯកភាពហើយ ឆ្នាំ២០២៤ នឹងមាន ការបើកការដ្ឋានសាងសង់ផ្លូវកំពង់ធំ កំពង់ឆ្នាំង ផ្លូវនេះល្អណាស់មាមីងបងប្អូន វាកាត់ប្រទេសយើង ការដឹកទំនិញមកពីខេត្តព្រះវិហារចូលមកកំពង់ឆ្នាំងលឿនណាស់។ អ៊ីចឹងអ្នកកំពង់ធំ កំពង់ឆ្នាំង អត់មានមក ភ្នំពេញទេ បើកតែផ្លូវយើងឆ្លងស្ពានយើង។ ឯកឧត្តម បានលើកឡើងមានស្ពានចម្ងាយ៣.៩គីឡូម៉ែត្រ ឥឡូវយើងប្តូរទីតាំងតែ៣.៣គីឡូម៉ែត្រ ប៉ុន្តែវាជាស្ពានដែលវែងជាងគេបំផុតនៅកម្ពុជាយើង ៣.៣គីឡូម៉ែត្រ»។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៥០C ចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រហែល ៦២គីឡូម៉ែត្រ។ គម្រោងនេះ នឹងមានស្ពានដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣.៣គីឡូម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ១)ទន្លេផ្សារក្រោម ២)ទន្លេជល់មុខ និង ៣)ទន្លេកំពង់ហាវ៕

ប្រភព៖ ក្រសួងព័ត៌មាន