ព្រៃវែង៖ មានករណីជំងឺផ្តាសាយបក្សី H5N1 បានកើតទៅលើកុមារីម្នាក់ អាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រល័ង ឃុំ រំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បណ្តាលឱ្យកុមារីរូបនេះបានស្លាប់បាត់បង់ជីវិត។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រភពដដែលបានបញ្ជាក់ថា កុមារីរូបនេះបានចាប់ផ្តើមឈឺ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានរោគសញ្ញាគ្រុនក្តៅ ៣៩អង្សាសេ ព្រមទាំងមានក្អក ឈឺក។ ក្រោយការព្យាបាលនៅមូលដ្ឋានមិនបានធូរស្រាល ដោយកុមារីចាប់ផ្តើមហត់ នាងក៏ត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិនៅភ្នំពេញ។
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យព្យាបាលបានយកវត្ថុសំណាកផ្ញើមកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ទើបទទួលលទ្ធផលនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ ដោយបញ្ជាក់ថាមានវិជ្ជមាន មេរោគផ្តាសាយបក្សី H5N1 ចំណែកកុមារីបានបាត់បង់ជីវិតហើយ និងបានធ្វើពិធីបុណ្យសពតាមប្រពៃណីនៅក្នុងភូមិខាងលើ។
នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប សូមកុំប៉ះពាល់សត្វឈឺឬងាប់ ទាំងសត្វបក្សីស្រុក និងបក្សីព្រៃ ហើយអ្នកសង្ស័យសូមពិគ្រោះជំងឺជាមួយគ្រូពេទ្យ ឬរាយការណ៍ទៅលេខ ១១៥៕
ប្រភព៖ ក្រសួងព័ត៌មាន