ឃាត់ខ្លួនក្មេងទំនើង ៤នាក់ ក្រោយធ្វើសកម្មភាពគប់កញ្ចក់ឡាន

0

តាកែវ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤ និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ស្រាវជ្រាវបង្រ្កាបមុខសញ្ញាក្មេងទំនើងចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (គប់កញ្ចក់ឡាន) ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦ និង១៥នាទី ស្ថិតនៅចំណុចលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៨-៧៩ ភូមិត្រពាំងខ្នារ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

មន្រ្តីនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ៖ ក្មេងទំនើងចំនួន ០៤នាក់ បានធ្វើសកម្មភាពគប់ទៅលើកញ្ចក់រថយន្តម៉ាក Ford ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា EaLux68 ដែលជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ា អេលុច ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជនានីភ្នំពេញ ដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីខេត្តកំពតទៅរាជនានីភ្នំពេញ បណ្ដាលឲ្យបែកកញ្ចក់រថយន្តពីមុខធ្លាយចូលទៅក្នុងរថយន្ត ចំឈ្មោះ អ៊ា អេលុច រងរបួសធ្ងន់ រួចជនសង្ស័យក៏បើកម៉ូតូគេចខ្លួនទៅទិសខាងត្បូងបាត់ទៅ ។ ជនសង្ស័យទាំង ០៤នាក់ ៖ ១-ឈ្មោះ ហេង សុភក្ដិ ហៅហ្គែត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងដកហូតម៉ូតូម៉ាកនិច ពណ៌សខៀវ ស៊េរី ២០២១ ពាក់ផ្លាកលេខ តាកែវ 1Z-7296 ។  ២-ឈ្មោះ ជុំ ចាន់ភារក្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូម៉ាកនិចពណ៌សខៀវ ស៊េរី២០២៣ ពាក់ផ្លាកលេខតាកែវ 1AB-5578។ ៣-ឈ្មោះ អ៊ុន យូ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ។ ៤-ឈ្មោះ រី យ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ។

ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរចម្លើយ ជនសង្ស័យទាំង០៤នាក់ បានសារភាពថា នៅថ្ងៃកើតហេតុ ពួកខ្លួនទាំង០៤នាក់ ដែលមានឈ្មោះដូចបានរៀបរាប់ខាងលើ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូយកដុំថ្មគប់ទៅលើគូជម្លោះរបស់ខ្លួនដែលជិះម៉ូតូ តាមផ្លូវជាតិលេខ៣ បណ្ដាលឲ្យត្រូវរថយន្តម៉ាកហ្វតរ៉ាប់ទ័រ ប្រាកដមែន ។  

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ