បន្ទាយមានជ័យ៖ ជនសង្ស័យ៨នាក់ ត្រូវបាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីជនសង្ស័យទាំងនេះ ធ្វើសកម្មភាពវាយយុវជនម្នាក់ យកម៉ូតូ នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃសុក្រកន្លងទៅ។
ជនរងគ្រោះម្នាក់ឈ្មោះ ស៊ុយ ម៉ារ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរៀបរាប់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០២៣ វេលាម៉ោង២១ និង ០០នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចខាងមុខមន្ទីរពេទ្យ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មាន ជនសង្ស័យចំនួនពីរនាក់ ភេទប្រុស ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញតាមខ្ញុំបាទតាំងពីចំណុចផ្លូវចូលដុងអារញ្ញរហូតដល់ចំណុចកើតហេតុខាងលើ ខ្លួនក៏បានចាប់ហ្វ្រាំងម៉ូតូផ្ដួលនៅនឹងថ្នល់ជាតិ ក្រោយមកជនសង្ស័យទាំងពីរនាក់បានឈប់ម៉ូតូហើយអ្នកជិះពីក្រោយបានចុះពីលើម៉ូតូដៃប្រុងដកអ្វីម្យ៉ាង។ ខ្ញុំឃើញដូចនេះក៏រត់ចូលប្រឡាយនៅខាងឆ្វេងដៃ បានប្រហែលមួយនាទី ខ្លួនក៏ឡើងមកលើថ្នល់វិញស្រាប់តែបាត់ម៉ូតូតែម្ដង រួចខ្លួនបានរត់ទៅការ៉ាសសាំងកូនដំរីហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីជួយធ្វើអន្តរាគមន៍តែម្ដង។
អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផែនជំនាញ និងកម្លាំងប៉ុស្តិ៍ទាំង៥ បើកការស្រាវជ្រាវ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ ម៉ូតូ៣គ្រឿង នៅកាស៊ីណូហ្គោដវ៉ើល ផ្លូវដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាន និងបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដើម្បីចាត់ការបន្ត។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ដ ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងផែនជំនាញ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសួរនាំរួច បង្ហាញថា ជនសង្ស័យទាំង៨នាក់ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតាមវាយ និងបានយកម៉ូតូជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕