សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្វិក (ASFV) ប្រមាណជិត២តោន ត្រូវបានមន្ត្រីជំនាញនាំយកទៅបំផ្លាញចោល

0

ភ្នំពេញ​៖ នៅ​រសៀល ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ មន្ត្រី​ជំនាញ​របស់ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» និង​មន្ត្រី​ជំនាញ​របស់ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ធ្វើការ​បំផ្លាញ​ចោល​សាច់​ជ្រូក និង​សរីរាង្គ​ជ្រូក​បង្កក សរុប​ប្រមាណ​១,៧៦០​គីឡូក្រាម​។ ការ​បំផ្លាញ​ចោល នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីលាន​ចាក់សម្រាម​ដែល​ស្ថិត នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ដោយ លោក ប៊ុ​ន ចំរើន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. តំណាង​ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​លោក ហ៊ុន សា​រ៉ាត់ អនុប្រធាន​នាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ តំណាង​ឯកឧត្តម តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។

លោក​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានឱ្យ​ដឹង​ថា អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​ទីតាំង​ស្តុក​ទុក ចែកចាយ​ផលិតផល​សាច់សត្វ​ស្រស់ បង្កក ជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។ គោលបំណង​នៃ​ការ​ចុះ​ត្រួតពិនិត្យ ត្រូវ​បាន​ផ្តោត​សំខាន់ ទៅ​លើ​ការ​ស្វែងរក​នូវ​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ កង្វះ​អនាម័យ ដែល​នាំ​ដល់​ការ​ចម្លង​ចូល​នូវ​បាក់តេរី និង​រោគរាតត្បាត​ផ្សេង​ៗ និង​ភាព​អនុលោម​ទៅ​នឹង​បទ​ប្បញ្ញត្តិ​បច្ចេកទេស​ជា​ធរមាន លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់ ដឹក​ជញ្ជូន និង​រក្សា​ស្តុក​ទុក សាច់​ស្រស់​ឬ​បង្កក និង​ផលិតផល​សាច់​។

លោក​ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា សាច់​ជ្រូក និង​សរីរាង្គ​ជ្រូក មាន​ផ្ទុក​វីរុស​ជម្ងឺឆ្លង ប៉េ​សអា​ហ្រិ​ក​ខូចគុណភាព គ្មាន​សុវត្ថិភាព សម្រាប់​អ្នក​ប្រើប្រាស់​ទេ យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ដែល​នាំ​យក​មក​បំផ្លាញ​ចោល​នា​ពេល​នេះ ត្រូវ​បាន សមត្ថកិច្ច​ចម្រុះ បង្ក្រាប​បាន​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​បណ្តា​ឃ្លាំង​ស្តុក​សាច់​ស្រស់ និង​បង្កក​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​កន្លង​មកនេះ​។​សាច់​ទាំងនោះ​រួម​មាន​ សាច់​ជ្រូក និង​សរីរាង្គ​ជ្រូក ចំនួន​៨៨​ក្បាល ស្មើនឹង ១,៧៦០ គីឡូក្រាម ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​បាន​លិខិត​លេខ​៤៣៨ សហ​វ​.​គ​សហ ចុះ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តី​ពី​សំណើ​ចូលរួម​សហការ​អនុវត្ត វិធានការ​ត្រួត​និត្យ​សាច់​ស្រស់ និង​បង្កក ពិសេស​សាច់​និង​ផលិតផល​ពី​សត្វ​ជ្រូក ដើម្បី​ត្រួតពិនិត្យ​នូវ​ហានិភ័យ នៃ​ជម្ងឺឆ្លង​ផ្សេង​ៗ ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ដាក់​បទបញ្ជា​ដល់ មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន ឱ្យ​បង្កើន​សកម្មភាព​ចុះ​តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ​និង​បង្ក្រាប​នូវ​រាល់​ទីតាំង និង​មធ្យោបាយ​ដឹក​ជញ្ជូន និង​តម្រូវ​ឱ្យ​ប្រតិបត្តិ​ករ​អាជីវកម្ម​នាំ​ចូល ចែកចាយ ផលិតផល សាច់សត្វ ស្រស់ បង្កក និង​ផលិតផល អំពី​សត្វ ត្រូវ​បង្ហាញ​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​មាន​ភ្ជាប់​នូវ​វិញ្ញាបនបត្រ បញ្ជាក់​គុណភាព​ពី​ប្រទេស​នាំ​ចេញ និង​ត្រូវ​គោរព​និង អនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់​និង​ដឹក​ជញ្ជូន ស្តុក រក្សា​ទុក រួម​ទាំង​ភាព​អនុលោម​ទៅ​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេង​ទៀត​ឱ្យ​បាន​ត្រឹមត្រូវ៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF