ព័ត៌មានបឋម៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាជននៅភូមិអូរជ្រៅទល់មុខធនាគារអេស៊ីលីដា ក្រុងប៉ោយប៉ែត

0

បន្ទាយ​មាន​ជ័យ ៖ អគ្គី​ភ័យ​នៅ​ពី​ម៉ោង​ជិត​៧​ដល់​ម៉ោង​ជិត​៨​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​បាន​នឹង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​លើ​ផ្ទះ​ពលរដ្ឋ​ជាប់​ៗ​គ្នា​នៅ​ផ្លូវជាតិ​លេខ​៥ ខាងត្បូង ឬ​ម្ខាង​ផ្លូវ​ទល់មុខ​ធនាគារ​អេ​ស៊ី​លី​ដា​ក្រុង​ប៉ោយ​ប៉ែ​ត​ក្នុងភូមិ​អូរ​ជ្រៅ​សង្កាត់ អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជាមួយ​គ្នា​នេះ កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ យោធា មន្ត្រី​អាជ្ញាធរ ក្រុម​សង្គ្រោះ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជាង​១០​គ្រឿង ក៏​បាន​នឹង​កំពុង​ពន្លត់​និង​បញ្ជូន​បន្ថែម​ពី​ខេត្ត​និង​ស្រុក ក្រុង​នានា ដើម្បី​ជួយ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​នេះ ។

ប្រភព​អ្នក​ឃើញ​ហេតុការណ៍ និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​និយាយ​ថា​៖ ភ្លើង​បាន​ចាប់ផ្តើម​ឆេះ​ចេញពីផ្ទះ​តៀម​របស់​ឈ្មោះ លី តៀង​សេង លក់​គ្រឿងអគ្គិសនី អេ​ឡិច​ត្រូ​និក ហើយ​បាន​រាល​ទៅ​ដល់​ផ្ទះ​ជិតខាង​មួយ​ចំនួន​ទៀត ដែល​ជា​ប្លុក​លំនៅ​ឋាន និង​ហាង​អាជីវកម្ម​ដ៏​មមាញឹក​មួយ​ដែរ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត នេះ​។

ទោះ​យ៉ាងណា​មន្ត្រី​បាន​បន្ត​ថា​៖ ព័ត៌មាន​បឋម​នេះ​នឹង​ត្រូវ​ផ្ទៀងផ្ទាត់​ក្នុង​ពេល​បន្ទាប់ ។ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ គេ​ឃើញ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​កងកម្លាំង​ទាំង​៣​ប្រភេទ ក្រុម​អ្នក​ជួយ​សង្គ្រោះ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ផ្នែក​ឯកជន ក៏​បាន​ទៅ​ដល់​និង​ដឹកនាំ​ប្រតិបត្តិការ​នេះ​ផង​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ