ត្រៀមអាវុធចេញទៅកាប់គេហើយ!! ប៉ុន្តែទៅមិនផុតសមត្ថកិច្ច

0

កណ្ដាល​ ៖​ ក្រុម​ក្មេង​ស្ទាវ​៣​នាក់​ប្រដាប់​ដោយ​ដាវ​និង​កាំបិត​ នាំ​គ្នា​ជិះ​ម៉ូតូ​បម្រុង​ទៅ​កាប់​គេ​ តែ​មិន​ទាន់​បាន​ធ្វើ​សកម្មភាព​ផង​ ត្រូវ​នគរបាល​ស្រុក​កណ្ដាលស្ទឹង​ឃាត់ខ្លួន​ធ្វើការ​សួរនាំ​ ។​

​ករណី​ចាប់ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៣​ វេលា​ម៉ោង​០១​និង​២០​នាទី​ព្រឹក​ ចំណុច​ភូមិ​ចំបក់​ត្រប់​ ឃុំ​ព្រែក​រកា​ ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​០៣​នាក់​៖​ ១.​ឈ្មោះ​ ស​ ណា​រិ​ទ្ធ​ ហៅ​ ចិន​ ភេទ​ ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ ឃ្លាំង​សម្បត្តិ​ ឃុំ​ ពត់​ស​ ស្រុក​បាទី​ ខេត្តតាកែវ​ មុខរបរ​ កម្មករ​សំណង់​។​ ២.​ឈ្មោះ​ សុង​ គឹ​ម​រី​ ហៅ​ ច​យ​ភេទ​ ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ រស់នៅ​ភូមិ​ ឃ្លាំង​សម្បត្តិ​ ឃុំ​ ពត់​ស​ ស្រុក​ បាទី​ ខេត្ត​ តាកែវ​ មុខរបរ​ មិន​ពិតប្រាកដ​ និង​៣.​ឈ្មោះ​ ហេង​ សក្កា​ ភេទ​ ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ ឃ្លាំង​សម្បត្តិ​ ឃុំ​ពត់​ស​ ស្រុក​បាទី​ ខេត្តតាកែវ​ មុខរបរ​ ដឹក​ជញ្ជូន​អីវ៉ាន់​ ។​

​វត្ថុ​តាង​ចាប់​យក​រួម​មាន​ ៖​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក់​ Honda​ Dream​ C125​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៤​ ពាក់​ស្លាក​លេខ​តាកែវ​ 1C​ 2813​ ដាវ​ដង​ឫស្សី​ ផ្លែ​ដែក​ ប្រវែង​៦៥​សង្ទីម៉ែត្រ​ កាំបិតប៉័ងតោ​ ០១​ ទូរស័ព្ទ​ដៃ​២​គ្រឿង​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ រួម​ទាំង​វត្ថុ​តាង​ កម្លាំង​ជំនាញ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ