អប់រំច្រើនដងនៅតែដដែរ!! លើកនេះសមត្ថកិច្ចបញ្ជូនសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង

0

​បាត់ដំបង​ ៖​ កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ បន្ទាប់​ពី​ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អាវុធ​ (​កាំបិត​)​ បណ្តាល​ជន​រង​គ្រោះ​មាន​របួស​ កាលពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ ត្រង់​ចំណុច​ក្រុម​ទី​៣៥​ ភូមិ​បួរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​ជនសង្ស័យ​ឈ្មោះ​ សុ​ន​ ហួ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​បួរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ ញ៉ែ​ម​ សុផល​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ រស់នៅ​ភូមិ​បួរ​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ បាន​រង​របួស​នៅ​ផ្នែក​ក្បាល​ ០១​កន្លែង​ និង​ដាច់​រយះ​មេដៃ​ខាងស្តាំ​ ០១​កន្លែង​ ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក​វរសេនីយ៍ទោ​ ហេង​ បារាំង​ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក​ បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ខាងលើ​ តែងតែ​បង្កហេតុ​មក​លើ​ជន​រង​គ្រោះជា​រឿយៗ​ នា​ពេល​កន្លង​មក​ រហូត​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​គាត់​រួច​មក​ហើយ​ លុះដល់​ថ្ងៃ​កើតហេតុ​ រូបគេ​បាន​ធ្វើ​សកម្មភាព​នេះ​ឡើង​តែ​ម្តង​ ប៉ុន្តែ​នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ថា​ យុវជន​រូប​នេះ​ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ខ្លួន​ទៀត​ផង​។​ ករណី​នេះ​ សមត្ថកិច្ច​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​-​ច្បាប់​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ