បន្ទាយមានជ័យ ៖ អ្នកបើកម៉ូតូម្នាក់ បានបាត់បង់ជីវិត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្តធុនធំ សណ្តោងរ៉ឺម៉ក កាលពីវេលាម៉ោង០៨យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៥៨ ត្រង់ចំណុចខាងត្បូងផ្លូវបំបែកទួលពង្រ ប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិទូលពង្រ,សង្កាត់អូរឬស្សី,ក្រុងប៉ោយប៉ែត,ខេត្តបន្ទាយមានជ័យ ។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ដំបូងមានម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-5428 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ សេង ចាន់ពិសី ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(មានពាក់មួកសុវត្ថិភាព) ពេលបើកដល់ចំណុចកើតតុក្នុងល្បឿនលឿន ស្របពេលរថយន្តឆ្លងផ្លូវ ក៏បានបុករថយន្តសណ្តោងរឺម៉ក ម៉ាកស្កេនន័រ ពណ៌ស (ក្បាលរថយន្តពាក់ស្លាកលេខ ភ្នំពេញ 3F-6057 ) (ស៊ឺមីរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4A-5821) បើកបរឆ្លងផ្លូវពីកើតទៅលិច អ្នកបើកបរមិនត្រូវបានគេស្គាល់អត្តសញ្ញាណ។
នគរបាលបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅន្លែងកើតហេតុ ម៉ូតូខូចខាតធ្ងន់និងរថយន្តខូចស្រាល៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ