សម្ដេចតេជោ ហ៊ុន សែន អះអាងថា ការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគាររកឃើញមន្ត្រីខ្មោចរាប់ម៉ឺននាក់ និងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា ការបើកប្រាក់បៀវត្សរ៍ជូនមន្ដ្រីរាជការ តាមប្រព័ន្ធធនាគារនេះ គឺមានអត្ថប្រយោជន៍ច្រើន ជាពិសេសរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដោយមានតែឈ្មោះក្នុងស្ថាប័ន តែមិនមានមនុស្សមកធ្វើការ និងដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ការអះអាងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ប្រមាណជិត៧ពាន់នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយក្នុងពេលកន្លងទៅ ការបើកប្រាក់បៀវត្សរ៍តាមរយៈលុយសុទ្ធ គឺត្រូវការសុវត្ថិភាព នៃដឹកជញ្ជូនលុយ។ សម្ដេចតេជោបញ្ជាក់ ថា៖ «យើងអនុវត្តន៍បើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារនេះ យើងរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដែលវាមានតែឈ្មោះ អត់មានមនុស្ស។ រីឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការងារបីកន្លែង ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ។ អីចឹងទេយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ម្ខាងជំរុញល្បឿននៃដំណើរការ និងម្ខាងទៀត គឺរុញអនឡាញ និងបញ្ហាជីឌីថលនេះ គឺដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា ការបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ធ្វើឡើងតាមប្រព័ន្ធធនាគារនេះ ដោយមិនវិលត្រឡប់ទៅបើកជាសាច់ប្រាក់ទៀតឡើយ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ៕

ប្រភព៖ ក្រសួងព័ត៌មាន