បាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កូនកាំបិត) នៅថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៩នឹង១០នាទី ស្ថិតនៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉ញ ដេន ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ស្រវឹងស្រាយកកូនកាំបិតចាក់ទៅលេីក្មួយប្រសារ ឈ្មោះ សោ សន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន០២កាំបិត បណ្ដាលអោយរងរបួសធ្ងន់ ។ នគរបាលបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះគឺបណ្តាលមកពី ផឹកស្រាស្រវឹងក៏ទាស់សម្តីប្រកែកគ្នារហូតដល់ប្រើប្រាស់កូនកាំបិតចាក់ទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។
ករណីនេះ ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ។ ចំណែកជនរងគ្រោះរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្បខេត្តបាត់ដំបង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសំឡូត និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ