ពោធិ៍សាត់ ៖ អ្នកញៀនល្បែងចំនួន០៩នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បង្ក្រាបចាប់ឃាត់ខ្លួន និងអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការល្បែងស៊ីសងខុសច្បាប់ ប្រតិបត្តិការ បង្ក្រាបនេះធ្វើឡើង នៅចំណុចព្រៃចេកក្បែរផ្ទះរបស់ឈ្មោះ ឆយ ធឿម ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៤និង ៣៦នាទី នៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក អ៊ុល ហៃ អធិការ នៃអធិការដ្ឋាននគរបាល្រុកតាលោសែនជ័យ បានប្រាប់ឲ្យដឹងថា ៖ ដោយអនុវត្តយ៉ាងយកចិត្តទុកដាក់នូវប្រសាសន៍ចង្អុលការ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន កម្លាំងប៉ុស្តិ៍តាលោចំនួន០២នាក់ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យចំនួន០៦នាក់ ដឹកនាំដោយលោកអធិការអធិការផ្ទាល់ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់លេងបៀ នៅចំណុចខាងលើ លទ្ធផលបង្ក្រាបបានឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងបានចំនួន០៩នាក់ ទី១ឈ្មោះ ឆយ ធឿម ភេទស្រី អាយុ៥៨ឆ្នាំ ទី២ឈ្មោះ អ៊ុក ចិន្ដា ភេទស្រី អាយុ៥៧ឆ្នាំ ទី៣ឈ្មោះ ភុន ផល្លា ភេទស្រី អាយុ៤៥ឆ្នាំ ទី៤ឈ្មោះ វ៉ា អ៊ីម ភេទស្រី អាយុ៥៥ឆ្នាំ ទី៥ឈ្មោះ ធឿម ចន្ធា ភេទស្រី អាយុ៣១ឆ្នាំ ទី៦ឈ្មោះ ហាត គឿម ភេទស្រីអាយុ៥៩ឆ្នាំ ទី៧ឈ្មោះ ឈឿម ធី ភេទស្រី អាយុ៣២ឆ្នាំ ទី៨ឈ្មោះ សួម ម៉ៅ ភេទស្រី អាយុ៤៤ឆ្នាំ ទី៩ឈ្មោះ ឡុច ធួក ភេទស្រីអាយុ៤៦ឆ្នាំ អ្នកទាំង០៩នាក់រស់នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។ ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន បៀចំនួន ៩២សន្លឹក កន្ទេលសម្រាប់ក្រាលចំនួន០១ សារុងសម្រាប់ក្រាលលេងចំនួន០៣ ការ៉ុងសម្រាប់ទ្រព្យចំនួន០១ ។
លោកអធិការបានបន្តថា ៖ ចំពោះអ្នកលេងល្បែងស៊ីសងចំនួន០៩នាក់ សមត្ថកិច្ចបាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីធ្វើកិច្ចសន្យា និងធ្វើកំណត់ហេតុអប់រំនៅប៉ុស្តិ៍លើកទី០១ បញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីពេលនេះតទៅ និងឲ្យក្រុមគ្រួសារ ធ្វើលិខិតធានា ត្រឡប់ទៅផ្ទះវិញ រីឯវត្ថុតាងយើងបានរក្សាទុកនៅប៉ុស្តិ៍ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ