ប្រជាពលរដ្ឋប្រមាន ៣៥ម៉ឺននាក់ ទៅឆ្លងឆ្នាំនៅខេត្តសៀមរាប

0

សៀមរាប​៖ ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​ចាក់​ស្រោច​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ បាន​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​-១៩ មាន​ភាព​ធូ​ស្រាល ព្រមទាំង​ការ​ប្រកាស​បើក​ប្រទេស ក្នុង​គោលដៅ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង​វិញ ។ ដោយឡែក​នៅ​ខេត្តសៀមរាប​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២២.២០២៣ ដេ​ី​ម្បី​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​នោះ រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ទីរ​អង្គភាព បាន​រៀបចំ​តុបតែង​លម្អ​សម្រាប់​ឆ្លង​ឆ្នាំ​សកល​២០២២.២០២៣​។ ក្នុង​សកម្មភាព​រៀបចំ​តុបតែង​លម្អ​ផ្លូវ ដើម្បី​លេ​ី​ក​កម្ពស់​សោភ័ណ​ភាព​ក្រុង​សៀមរាប​ឱ្យ​កាន់តែ​មាន​ភាព​ស្រស់​ត្រកាល​ឡេ​ី​ង​វិញ ដោយ​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ និង បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រមទាំង​រៀបចំ​តុបតែង​សួន​ស្ពាន​ព្រះរាជ​ដំណាក់ ដេ​ី​ម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២៣​។

លោក ប្រាក់ សោភ័ណ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តសៀមរាប ការងារ​រៀបចំ​កែ​លម្អ​នេះ គឺជា​ការ​រំលេច​នូវ​សោភ័ណ​ភាព បៃតង​នៅ​តាម​ដងស្ទឹង​តាម​រុក្ខវិថី​នានា​ក្នុង​ក្រុង បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក៏​ដូច​ជា​នៅ​តាម​សួនច្បារ ដេ​ី​ម្បី​រៀ​ចំ​ភ្លើង​ពណ៌នា​ពេល​រាត្រី​ឲ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដេ​ី​ម្បី​មក​ទស្សនា​កម្សាន្ត ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៣​នេះ ព្រមទាំង​មានការ​ជឹះ​ទូក​កម្សាន្ត​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ និង​ទស្សនាការ​សម្តែង របាំ និង រាំវង់​ស្គរ​ដៃ​ផង​ដែរ​។ ម្យ៉ាងទៀត​ក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​ជម្រុញ​ការ​ផ្សព្វផ្សាយ​ពី​សត្តា​នុ​ពល​របស់​ខេត្តសៀមរាប ក្នុង​ការ​ស្តារ​ឡើង​វិញ​នូវ​រាល់​វិស័យ​ក្នុង​ខេត្តសៀមរាប សំខាន់​លើ​វិស័យ​ទេសចរណ៍​។ ទោះបី​មាន​ភាព​ធូ​ស្រាល​នៃ​ជម្ងឺ​កូ​វិ​ដ​១៩​នេះ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២២.២០២៣ ដោយ​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ ក្នុង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ក៏​បាន​អនុវត្ត​ជា​ប្រចាំ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ​ផង​ដែរ​។

ក្នុង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០​ធ្នូ ២០២២​មក​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣​តាម​របាយការណ៍​របស់ មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ មក​ពី​បណ្តា​ខេត្ត រាជធានី បាន​ចូល​មក​ដើរ​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា រួម​ទាំង​រាត្រី​ឆ្លង​ឆ្នាំ​នៅ​ខេត្តសៀមរាប ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២២​ឈាន​ចូល ឆ្នាំ​២០២៣ មាន​ចំនួន​ប្រមាណ​ជា ៣៣៧ ៧៦៩​នាក់ ក្នុង​នោះ​ភាគច្រើន គឺ​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​។ តាម​ការ​ប៉ាន់​ប្រមាណ​នោះ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​អ្នកដំណើរ​កម្សាន្ត​ទាំងនោះ មាន​មក​ពី​បណ្តា​រាជធានី ខេត្ត​នានា មាន​ប្រមាណ ៣៣០ ០០០​នាក់ និង​មាន​ភ្ញៀវ​ទេសចរ​បរទេស ប្រហែល​ជាង ៧ ៧៦៩​នាក់ ផង​ដែរ​។ ជា​លក្ខណៈ​ពិសេស​គួរ​កត់សម្គាល់​នោះ គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ បាន​ឆ្លុះ​បង្ហាញ​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង កំពុង​ស្ថិត​ក្នុង​ប្រក្រតី​ភាព​ថ្មី ទម្លាប់​រស់​ជាមួយ​កូ​វី​ដ​-១៩ ហើយ​កត្តា​ប្រុង​ប្រយ័ត្ន គឺជា​គន្លឹះ​ស្នូល​នៃ​សេចក្តីសុខ​ចម្រើន​។ តាម​ការ​កត់សម្គាល់ បណ្តា​ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​ជួបជុំ​គ្នា​កម្សាន្ត​ពេល​រាត្រី​ឆ្លង​ឆ្នាំ​នៅ​ក្រុង​សៀមរាប ដូច​ជា​នៅ​ផាប់​ស្ទ្រី​ត និង​នៅ​សួនច្បារ​ព្រះរាជ​ដំណាក់ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ដំណើរការ​ឆ្លង​ឆ្នាំ​សកល​នេះ ចំពោះ​ការងារ​ចរាចរណ៍ បាន​បង្ករ​លក្ខណៈ​ល្អ ក្នុង​ការ​សម្រួល​ចរាចរណ៍​ទៅ​មក​បាន​ល្អ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដោយ​ខេត្តសៀមរាប ទទួល​បាន​ចំណងដៃ​ថ្មី អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នូវ​ផ្លូវ​៣៨​ខ្សែ ត្រូវ​បាន​ស្ថាបនា​រួចរាល់ ស្រប​ពេល​ដែល​ខេត្តសៀមរាប​រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២២-២០២៣​នេះ​។

រដ្ឋបាល​ខេត្ត​សូម​ថ្លែងអំណរគុណ ដល់​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា កងកំលាំង និង​មន្ទីរ អង្គភាព​ពាក់​ព​ន្ធ័ ដែល​រៀបចំ​សណ្តាប់ធ្នាប់​សន្តិសុខ បាន​យ៉ាង​ល្អ និង​ជូនពរ​បងប្អូន​ភ្ញៀវ​ទេសចរណ៍ និង​សូម​គោរព​ជូន​ដល់​ដល់​បងប្អូន និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ទាំងអស់​អញ្ជើញ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ