បន្ទាយមានជ័យ ៖ ប្រតិបត្តិការនៃការរុករក និងសង្គ្រោះជនរងគ្រោះដែលមានកម្លាំងចម្រុះទាំងកម្ពុជា-ថៃ សរុបចំនួន១,០០៩នាក់ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ត្រូវបានបញ្ចប់ទាំងស្រុងក្នុង រយៈពេលជិត៤០ម៉ោង ពោលគឺបញ្ចប់នៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែធ្នូ រកឃើញជនរងគ្រោះស្លាប់ក្នុងហេតុការណ៍រន្ធត់នេះសរុប២៦នាក់ និងអ្នករងរបួសជិត១០០នាក់ត្រូវបានជួយសង្គ្រោះ ហើយក្នុងចំណោមជិត១០០នាក់ ត្រូវបានចេញពីមន្ទីរពេទ្យ នៅសល់តែមួយចំនួនតូចតែប៉ុណ្ណោះ។ នេះជាការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងក្រុងប៉ោយប៉ែត នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ ខណៈដែលឯកឧត្តមចុះពិនិត្យមើលទីតាំង អភ្គីភ័យដែលបានឆាបឆេះ អគារកាស៊ីណូ ហ្គ្រេនដាយអឹមិនស៊ីធី។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បន្តថា ៖ ក្នុងប្រតិបត្តិការកងកម្លាំងចម្រុះទាំងកម្ពុជា និងភាគីថៃ បានចូលរួមរុករកជនរងគ្រោះយ៉ាងសកម្មតាំងពីចំនុចជាន់ទី១ រហូតជាន់ចុងក្រោយមិនមានប្រទះឃើញជនរងគ្រោះបន្តទៀតនោះទេ។ ការរកឃើញសពជនរងគ្រោះលើកទី១ ចំនួន១៤នាក់ នៅថ្ងៃបន្ទាប់រកឃើញ១២នាក់បន្ថែមសរុបចំនួន២៦នាក់ សុទ្ធតែជាជនបរទេស។ ដោយឡែកក្នុងចំណោមសពទាំង២៦ មាន៧នាក់មិនទាន់ត្រូវបានកំណត់អត្ដសញ្ញាណ។
ឯកឧត្តម បានបញ្ជាក់ថា ៖ តាមការស្រាវជ្រាវភាគីនៃជនរងគ្រោះដែលបាត់បង់ជីវិតស្ថិតនៅក្នុងបន្ទប់ ខណៈពេលដែលបុគ្គលិក និងភ្ញៀវកំពុងលង់លក់ នៅពេលអគ្គីភ័យឆាបឆេះឡើង ខ្លះទៀតនៅតាមជណ្តើរ ដោយសារតែខ្វះអុកស៊ីសែនសម្រាប់ដកដង្ហើម។
គួរំលឹកផងដែរ ៖ អគ្គីភ័យដែលឆាបឆេះអគារកាស៊ីណូកើតឡើងនៅអំឡុងម៉ោង១១និង៤០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅអគារក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិនស៊ីធី នៅខាងត្បូងហើយបន្តឆេះតាមស្ពានរាលឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីខាងជើងផ្លូវ ហើយរាលដាលឆេះអគារក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតស៊ីធីដែលជាប់នៅខាងលិច។ មូលហេតុដែលអគ្គីភ័យកើតឡើងបេីតាមសមត្ថកិច្ចសន្និដ្ឋានជំហានដំបូង បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ប៉ាណូជាប់ពីដាននៅអគារជាន់ក្រោមក្រុមហ៊ុនកាស៊ី ដែលមានអគារ១៧ជាន់ ខាងត្បូងហើយរាលដាលឆេះអគារកាស៊ូណូខាងជើងផ្លូវបណ្តាលឆាបឆេះអស់ចំនួន៣អគារ២ក្រុមហ៊ុនដែលខូចខាតស្ទើទាំងស្រុង៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ