បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុស-ស្រី ចំនួន២៩នាក់ ត្រូវបានកម្លាំងប្រឆាំងគ្រឿងញៀនខេត្តចាប់ឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធក្នុងករណីផ្តល់ទីតាំងនិងប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីបង្ក្រាបកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចហាងលក់គុយទាវនិងមានហ្គេមបាញ់ត្រី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីដោយលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំង ចូលរួមសហការដោយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងផ្តល់និងប្រើប្រាស់គ្រឿងញៀនមួយកន្លែង នៅហាងលក់គុយទាវនិងមានហ្គេមបាញ់ត្រីទល់មុខផ្សារអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្នុងកិច្ចប្រតិបត្តិការនេះ ឃាត់ខ្លួនជនសង្ស័យចំនួន២៩នាក់ ក្នុងនោះ ស្រី០២នាក់ រួមទាំងដកហូតវត្ថុតាងម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន៧.៣៤ក្រាម, -សំបកថង់ប្លាស្ទិក -ឧបករណ៍ជក់មួយចំនួន, ទូរស័ព្ទដៃចំនួន១៣គ្រឿង ។
លោកស្នងការរង បានបញ្ជាក់ថា ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ និងចម្លើយសារភាពរបស់ឈ្មោះ តាវ បញ្ញារង្គ ភេទប្រុស អាយុ៤៤ឆ្នាំ ជាម្ចាស់ហាងគុយទាវនោះ គឺជាអ្នកផ្តល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ