ឧត្តរមានជ័យ ៖ ដោយមានណែនាំនិងចង្អុលបង្ហាញពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម តូច សុភក្ដី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានចុះដឹកនាំកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿងករណីឃាតកម្ម(គិតទុកជាមុន) នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៤នាក់ ៖
ទី១-ឈ្មោះ ឃ្លីយ ឃ្លា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ទី២-ឈ្មោះ រ៉ន សាណា (ហៅតឹង) ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ទី៣-ឈ្មោះ រឿន រិន (ហៅឡោះ) ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិក្ដុល សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ទី៤-ឈ្មោះ ភួ ស៊ីវ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឈើក្រំ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
ក្រោយពីបានធ្វើការសាកសួរជនដៃដល់ទាំង០៤នាក់ខាងលើនេះរួច ពួកគេបានសារភាពថា៖ រូបខ្លួនទាំង ០៤ នាក់ ពិតជាបានធ្វើសកម្មភាព សម្លាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៩និង០០នាទី មានករណីឃាតកម្ម(គិតទុកជាមុន) នៅចំណុចតាមផ្លូវរទេះគោ ស្ថិតក្នុងភូមិក្តុល សង្កាត់កូនក្រៀល ក្រុងសំរោង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ម៉េង ប៊ុនហៀន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ-ឃុំខាងលើស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ