ពោធិ៍សាត់៖ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៧ និង០០នាទី ដោយទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់បានចុះស្រាវជ្រាវមុខសញ្ញាលួច (ម៉ូតូ) នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ដាញ់ សារ៉ាន ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅ ក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សម្ភារៈបាត់ ម៉ូតូ ១គ្រឿង ម៉ាក់ហុងដាដ្រីម សេរីឆ្នាំ២០១៧ ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GM 7199 (រកឃើញ)ម៉ូតូ ១គ្រឿង ម៉ាកវ៉េវ សេរីឆ្នាំ២០១៥ ពណ៍ខ្មៅ ផ្លាកលេខគ្មាន (រកមិនឃើញ) យោងតាមកំណត់ហេតុបំភ្លឺជនរងគ្រោះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៨ និង ០០នាទីយប់ខ្លួនបានជិះម៉ូតូមករក្សាទុកនៅក្នុងផ្ទះនិងម៉ូតូអូសរម៉ក់នៅក្រោយផ្ទះលុះព្រឹកឡើងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៣និង ១០នាទីទើបខ្លួនដឹងថាបាត់ម៉ូតូ ២គ្រឿងក្រោយមកទើបខ្លួនប្ដឹងសមត្ថកិច្ចចុះស្រាវជ្រាវឆែកកាមេរ៉ាសុវត្ថិភាពឃើញសកម្មភាពចោរនៅវេលាម៉ោង០០ និង ៥០នាទី បានចូលផ្ទះយកម៉ូតូចេញទៅបាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលបានសហការគ្នាចុះស្រាវជ្រាវនិងតាមចាប់ឃាត់ខ្លួនជនមុខសញ្ញាខាងលើរហូតមកដល់ថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២២ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ សេន ស៊ុលគីសភ្លី ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម ទីលំនៅបច្ចុប្បន្នភូមិខ្លាក្រើពើរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅចំណុចផ្ទះជនសង្ស័យតែម្តង ក្នុងចំណោមបក្សពួក២នាក់។
របាយការណ៍នេះបានឲ្យដឹងទៀតថា កម្លាំងនគរបាលបានចាប់ឃាត់ខ្លួននិងបញ្ជូនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២
វេលាម៉ោង ១៣និង ៣៧នាទី ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ចំពោះម៉ូតូ១គ្រឿងដែលបានរកឃើញនៅផ្ទះជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប្រគល់ឲ្យទៅម្ចាស់ម៉ូតូដែលជាជនរងគ្រោះវិញ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ