សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលីសចរាចរណ៍ ដោយនាំគ្នាមកគោរពច្បាប់ចរាចរណ៍វិញ

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវនាំគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលីសចរាចរណ៍ ដោយនាំគ្នាមកគោរពច្បាប់ចរាចរណ៍វិញ។

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោថ្លែងថា ពលរដ្ឋមួយ ចំនួនខ្លាចប៉ូលិសចរាចរណ៍ តែមិនខ្លាចច្បាប់ចរាចរណ៍ទេ ខណ: កន្លែងណាដែលមិនមានប៉ូលិសចរាចរណ៍ ប្រជាពលរដ្ឋគឺមិនគោរព ច្បាប់តែម្ដង ដូច្នេះប្រជាពលរដ្ឋទាំង អស់ត្រូវកែលម្អ ពីការខ្លាចប៉ូលីស ដោយមកគោរពច្បាប់ចរាចរណ៍វិញ ព្រោះគ្មានអ្នកណាមកស្លាប់ឬរបួសជំនួសឡើយ ។ ដូចនេះសម្ដេចតេជោអំពាវនាវប្រជាពលរដ្ឋត្រូវរួមគ្នាលុបបំបាត់វប្បធម៌ខ្លាចនគរបាលចរាចរណ៍ជាងការគោរពច្បាប់ ដោយត្រូវប្រឹងរៀនច្បាប់ចរាចរណ៍ ហើយត្រូវគោរពច្បាប់ចរាចរណ៍។ សម្តេចតេជោបញ្ជាក់ថា គ្មាននគរបាលចរាចរណ៍ណា ផាកពិន័យឡើយ បើមិនខុសច្បាប់នោះទេ។

សំឡេង «ដូច្នេះចំណុចនេះសុំឱ្យក្លាយទៅជាវប្បធម៌នៅក្នុងចំណោមប្រជាជនរបស់យើង ព្រោះគ្មានរឿងអ្វីត្រូវខ្លាចប៉ូលិសចរាចរណ៍នោះទេ ព្រោះប៉ូលិសនគរបាលចរាចរណ៍គេមិនធ្វើអ្វីយើង នៅពេលដែលយើងមិនធ្វើខុសច្បាប់។ អ៊ីចឹងទេប្រសិន បើយើងទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍គឺមិនតម្រូវឱ្យយើងខ្លាចនូវប៉ូលិសចរាចរណ៍នោះទេ យើងត្រូវកែលម្អនូវចិត្តគំនិតរបស់យើង ផ្នត់ គំនិតរបស់ប្រជាជនកម្ពុជារបស់យើងឱ្យបានច្បាស់ទៅលើចំណុចនេះ កុំចាំដល់ពេលមាននគរបាលយាម បានចាប់ផ្តើមធ្វើជាអ្នកគោរពហើយនៅពេលដែលផុតពីកន្លែងនគរបាលចរាចរណ៍ធ្វើ ចាប់ផ្តើមនិយាយទូរស័ព្ទពេលកំពុងបើកបរ ឬក៏ធ្វើអ្វីផ្សេងដែលខុសទៅនឹងច្បាប់ចរាចរណ៍។ ប៉ុន្តែអ្វីដែលគ្រោះ ថ្នាក់ជាងគេនោះ ដែលក្រៅពីយើងស្លាប់ហើយ បង្កឱ្យអ្នកដទៃដែលមិនមានអ្វីសោះមករបួសដែរ។»

សម្ដេចតេជោហ៊ុន សែនក៏បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមថែមទៀត ក្នុងការគោរពអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុ ជីវិតខ្លួនឯងផ្ទាល់ ដើម្បីភាពសុខ ដុមរមនាក្នុងក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក បានកើតឡើង ចំនួន២២៨៦ លើក បណ្តាលឱ្យមានអ្នកស្លាប់ ១៣៤២នាក់ របួសធ្ងន់២០០៤ នាក់ របួសស្រាល ១១៦៩ នាក់ និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់២៣៩១នាក់។ មូល ហេតុដែលបង្កឱ្យមានគ្រោះថ្នាក់គឺ ៖ ល្បឿន ៣៨,៧% មិនគោរពសិទ្ធិអាទិភាព ២៤,២% មិនប្រកាន់ស្តាំ ១០,៨% ជែងក្នុងស្ថានភាពគ្រោះថ្នាក់៩,៨% បត់ក្នុងស្ថានភាពគ្រោះថ្នាក់៩% ស្រវឹង៤% កត្តាយាន ២% កត្តាផ្លូវ ០,២% មិនគោរពភ្លើងសញ្ញា០,២% ងងុយ ១% និងអាកាសធាតុ ០,១%៕

ប្រភព៖ ក្រសួងព័ត៌មាន