ពោធិ៍សាត់៖ កាលពីថ្ងៃអង្គារ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង២៤នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកត្រាក់ទ័រកំពុងបត់ឆ្លងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់០១នាក់ និងស្រាល០២នាក់ ក្នុងដំណើរច្រាស់ទិសគ្នា ហេតុការណ៍នេះកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១៣៥–១៣៦ ចំណុចផ្លូវបំបែកអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអាជ្ញាធរនៅក្នុងមូលដ្ឋានចុះពិនិត្យដល់កន្លែងកើតហេតុ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាក WAVE អាល់ហ្វា ពណ៌ខ្មៅគ្មានស្លាកលេខ បេីកបរដោយឈ្មោះ ពៅ ម៉េងហ៊ន ភេទប្រុស អាយុ១៩ឆ្នាំ(របួសស្រាល)និងអ្នករួមដំណេីរ០២នាក់ទៀត ឈ្មោះយ៉ុន ស្រីនិច ភេទស្រី អាយុ៣០ឆ្នាំ(រងរបួសស្រាល) ឈ្មោះ ស៊ុន សុខណា ភេទស្រី អាយុ១៩ឆ្នាំ(រងរបួសធ្ងន់)អ្នកទាំងបីនាក់រស់នៅចំណុច០៧ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ធ្វើដំណើរពីលិចទៅកេីត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនិងត្រាក់ទ័រកំពុងឆ្លងថ្នល់យ៉ាងពេញទំហឹង ម៉ាក KUBOTA(M7040) ពណ៌ក្រហម បើកបរដោយឈ្មោះ ឡុង នីនភេទប្រុស អាយុ២៧ឆ្នាំ រស់នៅចំណុចអូរ១៧ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ធ្វើដំណើរពីកេីតទៅលិច។ ចំពោះអ្នករងរបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរត្រាក់ទ័របត់ឆ្វេងឆ្លងថ្នល់ខ្វះការប្រុងប្រយត្ន័។
ចំពោះវត្ថុតាងខាងលើសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំការដោះស្រាយតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ