ភ្នំពេញ៖ បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋដែលមានឈ្មោះ អ៊ឹម សម្បត្តិ ចូលក្នុងផេកសម្តេចក្រឡាហោម និងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងបញ្ហា “ពិបាកក្នុងការរស់នៅ ដោយសារមានជនទំនើង និងប្រើប្រាស់ថ្នាំញៀនជោកជាំម្នាក់រស់នៅជិតខាង តែងតែបង្កការអុកឡុក ធ្វើទុកបុកម្នេញដល់ក្រុមគ្រួសារ និងអ្នកជិតខាង” ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើស្រាវជ្រាវករណីនេះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១:៤៥នាទី ឈ្មោះអ៊ឹម សម្បត្តិ ស្នាក់នៅភូមិឃ្លះសណ្ដាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទូរស័ព្ទមកលេខប្រចាំបញ្ជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ ថាឈ្មោះ ឌីម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅផ្ទះជួល ភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានយកកាំបិត និងគប់ដុំថ្មទៅលើផ្ទះខ្លួន។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានចុះដល់កន្លែងកើតហេតុ និងបានសហការជាមួយលោកមេភូមិ ដើម្បីត្រួតពិនិត្យជាក់ស្តែង ដោយបានហៅ ឈ្មោះ ឌីម ពិសិដ្ឋ មកទីស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ និងឲ្យលោក អ៊ឹម សម្បត្តិ មកដាក់ពាក្យបណ្តឹង តែលោកអ៊ឹម សម្បត្តិ មិនបានប្តឹង ទៅលើឈ្មោះឌីម ពិសិដ្ឋ នោះទេ ។
បន្ទាប់ពីសាកសួររួចសមត្ថកិច្ច បានណែនាំអប់រំ ធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលមកធានាឈ្មោះ ឌីម ពិសិដ្ឋ ដើម្បីយកទៅអប់រំណែនាំបន្តនៅស្រុកកំណើត ភូមិលើ ឃុំកោះជូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បច្ចុប្បន្ន ឈ្មោះឌីម ពិសិដ្ឋ មិនបានស្នាក់នៅផ្ទះជួលក្នុងភូមិឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញទៀតទេ តាំងពីពេលសមត្ថកិច្ចបានណែនាំអប់រំ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ