សមត្ថកិច្ចចាប់ខ្លួនក្រុមចោរឆក់បានចំនួន ៤នាក់

0

ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូលនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៥ :៣០នាទី សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបក្រុមជនសង្ស័យ ភ្លាមនោះសមត្ថកិច្ចយើងឃាត់បានជនសង្ស័យចំនួនពីរនាក់ ឈ្មោះ ខេន វិច្ឆិកា និងឈ្មោះ សន វាសនា បើកម៉ូតូម៉ាកប៊ីត ពណ៌ខៀវលាយស សេរី២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ 1H-1725 ។ ពេលសាកសួរ ជនសង្ស័យទាំងពីរនាក់នោះបានសារភាពថា «កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣និង៣០នាទី ពួកខ្លួន និងបក្សពួក (មានឈ្មោះ ករុណា, ច្រាំង, រដ្ឋា ) បានធ្វើសកម្មភាព ឆក់យកខ្សែករ ពីមនុស្សស្រីម្នាក់ កំពុងជិះម៉ូតូម៉ាកប៊ីត ពណ៌ខ្មៅ មិនចាំសេរី នៅតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់រួចមក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១១និង៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការណ៍ជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ នាំយកមកសាកសួរបន្ត និងវេលាម៉ោងប្រហែល ១៦និង៤០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការណ៍ជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ រៀម បូពា ហៅ ច្រាំង ភេទប្រុស អាយុ១៨ឆ្នាំ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ នាំយកមកសាកសួរបន្ត។

ឃាត់ជនសង្ស័យចំនួន ០៤នាក់៖
ទី១-ឈ្មោះ ខេន វិច្ឆិកា ហៅ វិច្ឆិកា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
ទី២-ឈ្មោះ សន វាសនា ហៅ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
ទី៣-ឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
ទី៤-ឈ្មោះ រៀម បូពា ហៅ ច្រាំង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន)
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

 

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល