បាត់ដំបង៖ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចទួលជំនាគ ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រដាប់ដោយកាំបិត)ចំនួន ០១ករណី ទៅលើជនរងគ្រោះម្នាក់។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ សម្បត្តិ សំបូរ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និង២. ឈ្មោះ សំ រស្មី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (ជនដៃដល់)។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពប្រេីប្រាស់កាំបិតកាប់ទៅលេីជនរងគ្រោះម្នាក់ឈ្មោះ ពៅ យ៉ូន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង របួស ០៤ថ្នេរ ចំត្រង់ក្បាល។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលេីនេះគឺបណ្តាលមកពីមានជម្លោះទាស់សំដីគ្នាដោយប្រេីឧបករណ៍នេសាទខុសច្បាប់។
នាពេលនេះ ជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ