បាត់ដំបង ៖ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី៣ ភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រដាប់ដោយកាំបិតនិងដំបង)ចំនួន ០១ករណី ទៅលើជនរងគ្រោះចំនួន ០៤នាក់។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរបាលស្រុករុក្ខគិរី បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករុក្ខគិរី សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។
ជនសង្ស័យមានឈ្មោះ អាន់ ចំរើន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាលោ ស្រុកតាលោសែ នជ័យ ខេត្តពោធិសាត់ និង២. ឈ្មោះ អាត ចាន់រ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិវត្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប្រើប្រាស់កាំបិតខ្វែវនិងដំបងកាប់វាយទៅលើជនរងគ្រោះចំនួន ០៤នាក់ ១.ឈ្មោះ តោ ទី ភេទប្រុស អាយុ ១៥ឆ្នាំ របួសធ្ងន់ ត្រូវចំក្បាល ២.ឈ្មោះ រ៉ា ញ៉ាញ់ ភេទប្រុស អាយុ ២០ឆ្នាំ របួសធ្ងន់ ត្រូវចំក្បាល ៣.ឈ្មោះ រ៉េត រ៉ូត ភេទប្រុស អាយុ ១៨ឆ្នាំ របួសស្រាល ត្រូវចំក្បាល និង៤.ឈ្មោះសុខ អេង ភេទប្រុស អាយុ ២០ឆ្នាំ របួសមធ្យម ត្រូវចំដៃ ជនរងគ្រោះទាំង ០៤នាក់ អ្នកទាំង៤រស់នៅភូមិតាព្រាត ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីហិង្សាខាងលើនេះ គឺបណ្តាលមកពីមានជម្លោះទាស់សំដីគ្នាក្នុងពេលរាំធុងបាស់ ។
ជនសង្ស័យទាំង០២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុករុក្ខគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត អនុវត្តបន្តតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ