សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េដល់កម្ពុជា នៅព្រឹកនេះ

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទំហំទឹកប្រាក់ ១ ៥០០ លានដុល្លារ និងកិច្ចព្រមព្រៀងឥណទានសម្បទានលើគម្រោងចំនួនពីរ ដែលមានទឹកប្រាក់ចំនួន ៣១៥ លានដុល្លារ ដល់កម្ពុជា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នាថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ២០២២នេះ។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ នឹងធ្វើឡើងរវាង ១. ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដម ប៉ាក ហឹងធ្យូង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចសម្រប សម្រួលក្របខណ្ឌស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារអាម៉េរិក។

២. ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួ ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋ កិច្ចនៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងចំនួន០២ ដូចខាងក្រោម៖១.គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តព្រះ សីហនុដែលមានទឹកប្រាក់ចំនួន ៧០ ០០០ ០០០ ដុល្លារអាម៉េរិក។ ២.គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ(ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន២៤៥ ៩០៩ ០០០ ដុល្លារអាម៉េរិក ។

សេចក្ដីប្រកាសបានបន្ថែមថា ឥណទានសម្បទានដែលផ្តល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះនឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចព្រមទាំងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន