ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា នាពេលខាងមុខ ក្រសួងកសិកម្មមានគម្រោងបែងចែកផលិតផលកសិកម្មនាំចូលនិងផលិតផលកសិកម្មក្នុងស្រុក សម្រាប់ដាក់លក់នៅលើទីផ្សារ ដើម្បីបង្កភាពងាយស្រួលដល់អ្នកបរិភោគក្នុងការជ្រើសរើស ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងកសិកម្មកំពុងផ្តោតសំខាន់ទៅលើការងារអាទិភាពនិងបន្ទាន់មួយចំនួន ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករឱ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ។ ក្នុងនោះ នៅពេលវេលាមួយស័ក្ដិសមមកដល់ ក្រសួងកសិកម្ម នឹងគិតគូរពីការបែងចែកកសិផលក្នុងស្រុកនិងនាំចូល សម្រាប់ដាក់លក់នៅលើទីផ្សារ ដើម្បីឱ្យអ្នកបរិភោគជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួន ។
ឯកឧត្តមបានបន្តថា ពាក់ព័ន្ធនឹងការនាំចេញនាំចូល ប្រជាពលរដ្ឋកម្ពុជាភាគច្រើន មានចរិកជាតិនិយម ប៉ុន្តែជាមួយគ្នានេះ ក៏ត្រូវគិតចំពោះស្ថានភាពសេដ្ឋកិច្ចផងដែរ ។ជាងនេះទៅទៀត ការពិនិត្យនូវតុល្យភាពនៃការនាំចេញ-នាំចូល គឺត្រូវគោរពច្បាប់អន្តរជាតិ និងត្រូវគោរពលើគោលការណ៍អនាម័យ។
សំឡេង៖ « ខ្ញុំគិតថាបើសិនជាមានតម្រូវការចង់ឱ្យបិទខ្ទប់អ្វីនោះ គឺយើងផ្ដោតទៅលើអ្វីដែលសំខាន់ ហើយបើសិនជាយើងចង់នាំចេញទំនិញទៅក្រៅប្រទេសនោះ គឺយើងត្រូវតែមានការអនុញ្ញាតឱ្យមានការនាំចូលមកក្នុងប្រទេសវិញផងដែរ ដែលនេះគេហៅថាសេដ្ឋកិច្ចសេរី ដែលយើងនេះកំពុងតែរៀបចំឱ្យមានទីផ្សារសេរីដើម្បីបើកផ្លូវឱ្យមានទំនិញយើងនាំចេញ » ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា បើសិនជាផលិតផលមិនល្អ កម្ពុជាមានសិទ្ធិមិនឱ្យនាំចូល ប៉ុន្ដែបើសិនជាផលិតផលពីបណ្តាប្រទេសផ្សេងនោះល្អហើយមានតម្លៃថោកមិនឱ្យនាំចូលទៀត នោះប្រទេសគេក៏មានសិទ្ធិមិនឱ្យផលិតផលរបស់កម្ពុជានាំចូលដូចគ្នា ៕
ប្រភព៖ ក្រសួងព័ត៌មាន