បាត់ដំបង៖ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានទទួលបណ្តឹងពីស្ត្រីឈ្មោះ យ៉េត រក្សា ភេទស្រី អាយុ ៤២ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីចាប់រំលោភអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាកូនស្រីរបស់គាត់។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឥន្ទ ចាន់តារ៉ា ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទចាប់រំលោភអនីតិជនអាយុក្រោយ១៥ឆ្នាំ ។ សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យ ឈ្មោះ ឥន្ទ ចាន់តារ៉ា បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភសេពសន្ថវះទៅលើកុមារីរងគ្រោះឈ្មោះ អ.យ.អ ភេទស្រី អាយុ០៩ឆ្នាំ ចាប់រំលោភបានសំរេចចំនួន០១លើក ពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ