ភ្នំពេញ៖ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០៖១០នាទី មានករណីលួចកាច់កម៉ូតូ មួយកើតឡើងនៅចំណុចផ្ទះជួលលេខ៣៩ ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កដោយជនល្មើសចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស (ពុំចាំស្លាកលេខ) បានធ្វើសកម្មភាពលួចកាច់កយកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JI-8800 ដែលមានលេខតួ MLHKF4497N5101681 បានសម្រេច ហើយជិះគេចខ្លួនបាត់តែម្ដង។
ក្រោយពីមានហេតុការណ៍កើតឡើងភ្លាម នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃដដែល កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេត និងកំណត់បានទីតាំងដែលជនសង្ស័យយកម៉ូតូទៅលាក់នៅចំណុចក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូទៅទំលាក់បក្សពួកម្នាក់ទៀត ឲ្យចូលទៅបណ្តើរម៉ូតូដែលមានភិនភាគដូចម៉ូតូខាងលើ ចេញពីកន្លែងផ្ញើ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបានម្នាក់។
ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួន ហើយសមត្ថកិច្ចយើងបានដេញតាមរហូតដល់ចំណុចផ្លូវវេងស្រេង ក៏ប្រទះឃើញម៉ូតូចតនៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជិះរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8597 ជាមួយបក្សពួកម្នាក់ទៀតគេចខ្លួនបន្ត ពេលធ្វើដំណើរដល់ចំណុចមុខវត្តដំបូកខ្ពស់សមត្ថកិច្ចបានឃាត់រថយន្តនោះ។
ភ្លាមនោះ ជនសង្ស័យម្នាក់បានលោតចុះពីលើរថយន្តរត់គេចខ្លួនតែត្រូវចាប់ខ្លួនបាន ចំណែកថយន្តនោះបន្តដំណើរជិះគេចខ្លួនដល់ចំណុចបុរី VIP គួរស្រូវ បានប្រទះឃើញរថយន្តប្លុងចោលមុខផ្ទះលេខ 011 ផ្លូវលេខ១១ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនបក្សពួកម្នាក់ទៀតព្យាយាមបើកម៉ូតូទៅរំដោះជនសង្ស័យ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ។ ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងនគរបាលជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនបានជាបន្ដបន្ទាប់នោះ រួមមាន៖
*ទី១៖ ឈ្មោះ សុខ ហេង អាយុ៣០ឆ្នាំ
*ទី២៖ ឈ្មោះ ជុំ វិរៈ អាយុ២១ឆ្នាំ
*ទី៣៖ ឈ្មោះ អែល ហិល អាយុ២៧ឆ្នាំ។
វត្ថុតាងដកហូតបានរួមមាន៖
* ស្លាកលេខម៉ូតូចំនួន០៤សន្លឹក, ឧបករណ៍សម្រាច់កាច់កចំនួន១៣ដើម, បង់អាវុធខ្លីចំនួន០១, គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ និងរថយន្តម៉ាកព្រួស នៅចំណុចផ្ទះជួលលេខ ០១១ ផ្លូវលេខ១៤ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
* ស្លាកលេខចំនួន០១សន្លឹក , មួកសុវត្ថិភាពចំនួន០១, អាវរងាពណ៌សប្រផេះចំនួន០១, សោតឡចំនួន០៤គ្រាប់ ដកហូតនៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
* ម៉ូតូម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JI-8800 លេខតួ MLHKF4497N5101681 ដកហូតពីឈោ្មះ ជុំ វីរៈ។
* ម៉ូតូម៉ាក PCX ពណ៌ប្រផេះ បិទស្កុតពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JJ-9994 លេខតួ MLHKF4470N512893 ដកហូតពីឈ្មោះ សុខ ហេង។
ក្រោយពីមានការចង្អុលបង្ហាញពីឈ្មោះ ស៊ាម សារ៉ាយ (ប្រពន្ធជនល្មើស) លើរូបភាពជនសង្ស័យដែលជិះម៉ូតូ PCX ពណ៌ស ដែលយកបានពីកាមេរ៉ាសុវត្ថិភាពកន្លែងកើតហេតុឃើញថាឈ្មោះ សុខ ហេង និងឈ្មោះ ស៊ូន ប៊ុនថា ហៅ អាខ្មៅ ពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ តាមបណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ មានចំនួន១០ករណីផ្សេងទៀត ក្នុងនោះមាន៖
-ខណ្ឌចំការមន ០៤ករណី
-ខណ្ឌសែនសុខ ០៣ករណី
-ខណ្ឌពោធិ៍សែនជ័យ ០១ករណី
-ខណ្ឌទួលគោក ០១ករណី
-ខណ្ឌមានជ័យ ០១ករណី។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ