បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១និង២៨នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានទទួលពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ផាត លីហុង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិសំរោងក្រោម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ ជាងធ្វើផ្លាកយីហោ ថាមានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូមិនសង) មួយកើតឡើងប្រព្រឹត្តដោយសង្ស័យចំនួន ០២នាក់ នៅចំណុចការ៉ាស់ជួសជុលរថយន្តភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៦ និង០៥នាទី។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហការជាកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ ចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ ម៉ៅ សុវណ្ណារ៉ា ហៅ ចិន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅស្រុកបាណន់ ខេត្តបាត់ដំបង មុខរបរ ជាងជួសជុលរថយន្ត និង២.ឈ្មោះ គឹម មិថុនា ហៅ មិ ភេទប្រុស អាយុ៣៣ ឆ្នាំរស់នៅភូមិដូងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ មិនពិតប្រាកដ។ សមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AR-7638 របស់ជនរងគ្រោះឈ្មោះ ផាត លីហុង ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង័្សយទាំង០២នាក់ ខាងលើត្រូវបានកម្លាំងនគរបាលស្រុកកំរៀង កសាងសំណុំរឿងប្រគល់ទៅឲ្យផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង និងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ