ភ្នំពេញ៖ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបំពាក់ឧបករណ៍សម្ភារៈ ជូនដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ជាង ២០០នាក់ បន្ថែមទៀត ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការ ការពារពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជូនដល់ថ្នាក់ដឹកនាំ
កំពូលៗប្រទេសមហាអំណាចនៅលើពិភពលោក ដែលអញ្ជើញចូលរួមក្នុងកិច្ចកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធ នៅកម្ពុជា ខណៈដែលកងកម្លាំងនគរបាលរាជធានីភ្នំពេញរាប់សិបនាក់បានសហការជាមួយនឹងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតដាក់ពង្រាយការពារពង្រឹងសន្តិសុខនៅតាមគោលដៅសំខាន់នានា ក្នុងរាជធានីភ្នំពេញនៅគ្រាដែលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងបានចាប់ផ្តើមពីនៅថ្ងៃទី០៨រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការបំពាក់ឧបករណ៍សម្ភារៈ ជូនដល់កម្លាំងនគរបាលអន្តរាគមន៍ពិសេស និងកម្លាំនគរបាលចរាចរណ៍ផ្លូវគោកនៅពេលនេះគឺដើម្បីបំរើឱ្យការងារការពារសុវត្ថិភាពផ្ទាល់ ខ្លួនដល់កងកម្លាំងផង និងទាំងការប្រើប្រាស់ធានាប្រសិទ្ធភាពក្នុងកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធ ដែលកម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាដឹកនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការប្តេជ្ញាខ្ពស់ ប្រកបដោយឆន្ទៈ ការទទួលខុសត្រូវ ក្នុងកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពគ្រប់គ្រាន់ជូនដល់ថ្នាក់ដឹកនាំជាតិ – អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំពាក់ព័ន្ធ ដែលព្រះរាជាណាចក្រកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់កម្លាំងនគរបាលក្រោមឱវាទ ត្រូវពង្រឹងយកចិត្តទុកដាក់ការពារសន្តិសុខឱ្យបានតឹងរ៉ឹងនៅគ្រប់ច្រកល្ហក ទាំងកន្លែងកិច្ច ប្រជុំ គោលដៅភ្ញៀវជាតិ- អន្តរជាតិធ្វើដំណើរឆ្លងកាត់ គោលដៅស្នាក់នៅ និងគោលដៅភ្ញៀវអន្តរជាតិដើរលេងកម្សាន្ត ផងដែរ។
សូមបញ្ជាក់ថា បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ឱ្យដឹងថា ព្រឹត្តិការណ៍កិច្ចប្រជុំដ៏មានសារៈសំខាន់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានបន្តវេន ក្នុងនោះ រួមមាន៖កិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន -សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន -អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន- អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៧។
កិច្ចប្រជុំនេះមានប្រមុខដឹកនាំប្រទេសលើពិភពលោកចូលរួមចំនួន១៨ប្រទេស ហើយក៏មានវត្តមានប្រធានាធិ បតីសហរដ្ឋអាមេរិច ចូ បៃឌិន ផងដែរ។ កិច្ចប្រជុំកំពូលនេះផងនោះទៀត បើយោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ប្រាប់អ្នកសារព័ត៌មានកន្លងទៅថ្មីៗនេះឱ្យដឹងថា គឺ ប្រើប្រាស់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាង១ម៉ឺននាក់ មកពី១៤ស្ថាប័នរួមទាំងប្រើប្រាស់រថយន្តការពារគ្រាប់ និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក ដើម្បីត្រៀមការ ពារប្រមុខរដ្ឋ និង ប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា